ល្ខោនស្បែកធំ ឬល្ខោនស្រមោលស្បែកធំ គឺជាល្ខោនដែលខ្មែរចាត់ទុកជាសិល្បៈសក្ការៈដ៏ខ្ពង់ខ្ពស់ដូចរបាំរាជទ្រព្យដែរ។ ល្ខោនស្បែកធំ តែងទទួលបានការប្រោសប្រណី ជានិច្ចពីព្រះមហាក្សត្រ និងការយកចិត្តទុកដាក់ជ្រោមជ្រែងពីអង្គការ សមាគមសិល្បៈ និងការយកចិត្តទុកដាក់ថែរក្សាពីសហគមន៍នានាដូចជា ស្បែកធំវត្តរាជបូណ៌ ស្បែកធំក្រុមគោកធ្លក និងស្បែកធំក្រុមព្រឹទ្ធាចារ្យ ទី ជៀន ជាដើម។ ជាទំនៀម ល្ខោនស្បែកធំសម្តែងរឿងរាមកេរ្តិ៍តែម្យ៉ាងគត់ ហើយសម្តែងតែក្នុងព្រះរាជពិធីសំខាន់ៗដូចជា ព្រះរាជពិធីឡើងគ្រងរាជសម្បត្តិព្រះមហាក្សត្រ ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះរាជពិធីថ្វាយព្រះភ្លើងរាជវង្សានុវង្ស និងពិធីជាប្រពៃណីធំៗរបស់អ្នកស្រុកដូចជា ពិធីថ្វាយព្រះភ្លើងសម្តេចព្រះសង្ឃរាជ និងព្រះចៅអធិការវត្តជាដើម។
ល្ខោនស្បែកធំទាមទារឱ្យមានផ្ទាំងស្បែកធំៗជាច្រើនរយផ្ទាំង ដែលដាប់ឆ្លាក់ឱ្យចេញជាតួអង្គ ឬអន្លើណាមួយក្នុងសាច់រឿងរាមកេរ្តិ៍ សម្រាប់លើកយកមកជើតសម្តែងតាមលំដាប់សាច់រឿង។ ល្ខោននេះ សម្តែងដោយមានវង់ភ្លេងពិណពាទ្យកំដរ និងមានអ្នកពោលលើកដាក់សំឡេងរៀបរាប់ដំណើររឿង។ គេតែងយកស្បែកគោមកឆ្លាក់តួអង្គផ្សេងៗ តែចំពោះតួអង្គសំខាន់ៗដូចជា ឥសី និងព្រះរាម គេច្រើនយកស្បែកខ្លាឃ្មុំ ឬខ្លាធំ ហើយការឆ្លាក់ទៀតសោត ត្រូវប្រតិបត្តិតាមទំនៀម និងតំណមផង។ តាមបច្ចេកទេសបុរាណ មុននឹងឈានដល់ដំណាក់កាលឆ្លាក់ស្បែក គេត្រូវសម្លាប់ស្បែកជាមុនសិន ពោលគឺសម្អាតស្បែកគោស្រស់ឱ្យស្អាត រួចយកទៅត្រាំទឹកសំបកឈើ (ពិសេសគឺសំបកកណ្តោល) មុននឹងយកទៅហាលឱ្យស្ងួត។
ជាទូទៅការសម្តែងល្ខោនស្បែកធំ តែងធ្វើនៅពេលយប់ ហើយដើមឡើយគេដុតភ្នក់ភ្លើងឆ្លុះបំភ្លឺខាងក្រោយផ្ទាំងក្រណាត់ស តែបច្ចុប្បន្នគេប្រើពន្លឺភ្លើងអគ្គិសនីជំនួស ដើម្បីឱ្យអ្នកសម្តែងលើកយកផ្ទាំងស្បែកនីមួយៗមកជើតឆ្លុះនឹងពន្លឺនោះ។ ការសម្តែងស្បែកធំ ក៏ត្រូវការភ្លេងពិណពាទ្យប្រគំកំដរ និងត្រូវមានអ្នកពោលរៀបរាប់ដំណើររឿងផងដែរ។ ពេលសាច់រឿងសម្តែងមកដល់ឈុតឆាកចម្បាំង ដែលមានតួងអង្គប្រយុទ្ធគ្នា ជួលកាលអ្នកជើតត្រូវដាក់ស្បែកចុះ ហើយសម្តែងជាការប្រយុទ្ធគ្នាទៅតាមចលនានៃសាច់រឿងយ៉ាងរស់រវើក។ ដោយគុណតម្លៃនៃទម្រង់ល្ខោនស្បែកធំដាក់ជ្រៅក្នុងវប្បធម៌ខ្មែរ និងយោងតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការយូណេស្កូបានទទួលស្គាល់និងចុះល្ខោនស្បែកធំក្នុងបញ្ជីស្នាដៃឯកនៃមត៌កវប្បធម៌អរូបីរបស់មនុស្សជាតិនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥៕




