ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ល្ខោនស្រមោលស្បែកធំ

ល្ខោនស្រមោលស្បែកធំ

ល្ខោនស្បែកធំ ឬល្ខោន​ស្រមោល​ស្បែកធំ​​ គឺ​ជាល្ខោន​ដែល​ខ្មែរ​ចាត់​ទុក​​ជា​សិល្បៈ​សក្ការៈ​​​ដ៏ខ្ពង់ខ្ពស់​ដូច​របាំ​រាជទ្រព្យដែរ។ ល្ខោន​ស្បែក​ធំ​​ ​តែង​ទទួល​​បាន​ការ​ប្រោស​ប្រណី​    ជា​និច្ច​​ពី​ព្រះមហាក្សត្រ​ ​និង​ការ​យក​ចិត្ត​ទុកដាក់​ជ្រោម​ជ្រែងពី​អង្គការ សមាគមសិល្បៈ និង​ការ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ពី​​​សហ​គមន៍នានា​ដូចជា ស្បែក​ធំ​វត្ត​រាជបូណ៌ ស្បែក​ធំ​ក្រុម​គោកធ្លក និង​ស្បែក​ធំក្រុម​​ព្រឹទ្ធាចារ្យ ទី ជៀន ជាដើម​។​ ជា​ទំនៀម ល្ខោន​ស្បែក​ធំ​សម្តែង​រឿង​រាមកេរ្តិ៍​តែ​ម្យ៉ាង​គត់ ហើយ​សម្តែង​តែ​ក្នុង​ព្រះ​រាជពិធីសំខាន់ៗ​ដូចជា​ ព្រះរាជពិធីឡើង​គ្រង​រាជសម្បត្តិ​​ព្រះមហាក្សត្រ ព្រះរាជពិធីចម្រើន​ព្រះជន្ម ព្រះរាជពិធីថ្វាយ​ព្រះភ្លើង​រាជវង្សានុវង្ស និង​ពិធីជា​ប្រពៃណី​​ធំ​ៗរបស់​អ្នក​ស្រុកដូចជា​ ពិធីថ្វាយ​ព្រះភ្លើង​សម្តេច​ព្រះសង្ឃរាជ និ​ងព្រះចៅអធិការ​វត្ត​ជាដើម។​

ល្ខោន​ស្បែក​ធំ​ទាម​ទារ​ឱ្យ​មាន​ផ្ទាំង​ស្បែក​ធំៗជាច្រើនរយ​​​ផ្ទាំង​ ដែល​ដាប់​ឆ្លាក់​ឱ្យ​ចេញ​ជា​តួ​អង្គ ឬ​អន្លើ​ណាមួយ​ក្នុង​សាច់​រឿង​រាមកេរ្តិ៍ សម្រាប់​លើក​យក​មក​ជើត​សម្តែង​តាម​លំដាប់​សាច់​រឿង។ ល្ខោន​នេះ សម្តែង​ដោយ​មាន​វង់ភ្លេង​ពិណពាទ្យ​កំដរ និ​ងមាន​អ្នកពោល​​លើក​ដាក់​​សំឡេង​រៀបរាប់​ដំណើរ​រឿង។ គេ​តែង​យក​​ស្បែក​គោ​មក​ឆ្លាក់​តួ​អង្គ​ផ្សេងៗ តែចំពោះ​តួ​អង្គ​សំខាន់ៗដូចជា ឥសី និង​ព្រះរាម​ គេ​ច្រើន​យក​ស្បែក​ខ្លាឃ្មុំ ឬ​ខ្លាធំ ហើយ​ការ​ឆ្លាក់ទៀត​សោត​ ត្រូវ​ប្រតិបត្តិ​តាម​ទំនៀម និង​តំណម​ផង។​ តាម​បច្ចេក​ទេស​បុរាណ មុន​នឹ​ងឈាន​ដល់​ដំណាក់​កាល​ឆ្លាក់​ស្បែក គេត្រូវ​សម្លាប់​ស្បែក​ជា​មុន​សិន​ ពោលគឺ​​​​សម្អាត​ស្បែក​គោស្រស់​ឱ្យ​​ស្អាត​ រួច​យក​ទៅ​ត្រាំទឹក​សំបក​ឈើ (ពិសេស​គឺសំបក​កណ្តោល) មុននឹង​យក​ទៅ​ហាល​ឱ្យ​ស្ងួត​។

ជាទូទៅការសម្តែង​ល្ខោន​ស្បែក​ធំ​​ តែង​ធ្វើ​នៅ​ពេលយប់ ហើយ​ដើម​ឡើយគេ​ដុត​ភ្នក់​ភ្លើង​ឆ្លុះបំភ្លឺខាងក្រោយ​ផ្ទាំង​ក្រណាត់ស តែបច្ចុប្បន្ន​គេ​ប្រើ​ពន្លឺភ្លើងអគ្គិសនីជំនួស​ ដើម្បី​ឱ្យ​អ្នកសម្តែង​លើក​យក​ផ្ទាំង​ស្បែក​នីមួយៗ​មក​ជើត​ឆ្លុះ​នឹងពន្លឺនោះ។​ ការសម្តែង​ស្បែក​ធំ ក៏ត្រូវ​ការ​ភ្លេង​ពិណពាទ្យប្រគំកំដរ និង​ត្រូវ​មាន​អ្នក​ពោល​រៀបរាប់​ដំណើរ​រឿង​ផងដែរ។ ពេល​សាច់​រឿង​សម្តែង​មក​ដល់ឈុត​ឆាក​ចម្បាំង​ ដែល​មាន​តួង​អង្គប្រយុទ្ធគ្នា ជួលកាល​អ្នក​ជើត​ត្រូវដាក់​ស្បែក​ចុះ ហើយ​សម្តែង​ជា​ការ​ប្រយុទ្ធគ្នា​ទៅតាម​ចលនា​នៃសាច់រឿង​យ៉ាង​រស់​រវើក​។ ដោយ​គុណតម្លៃនៃទម្រង់ល្ខោនស្បែក​ធំ​ដាក់ជ្រៅក្នុង​វប្បធម៌ខ្មែរ និង​យោងតាម​សំណើ​របស់​រាជរដ្ឋាភិបាលកម្ពុជា អង្គការ​យូណេស្កូបានទទួលស្គាល់​និង​ចុះល្ខោន​ស្បែកធំ​​​ក្នុង​​បញ្ជី​ស្នាដៃឯក​នៃមត៌ក​វប្បធម៌អរូបីរបស់​មនុស្ស​ជាតិ​នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥៕