ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


របាំព្រះរាជទ្រព្យ

របាំព្រះរាជទ្រព្យ

របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ ជាទម្រង់សិល្បៈទស្សនីយភាពបែបទីសក្ការៈដ៏ខ្ពង់ខ្ពស់មួយ។ បើកាលណាគេសម្តែងមានទ្រង់ទ្រាយជារបាំសុទ្ធ នោះគេហៅ «របាំ» ដូចជា របាំសុវណ្ណមច្ឆា របាំភួងនារី ជាដើម។ល។ បើគេដកស្រង់រឿងណាមួយមកសម្តែងវិញនោះ គេអាចហៅម្យ៉ាងទៀតថា «ល្ខោន» ដូចជាត្រង់ ឈុតខ្លះនៃរឿងរាមកេរ្តិ៍ ជាតក រឿងព្រះវេស្សន្តរ ឬរឿងព្រេងផ្សេងៗ។ ជួនកាលក៏លឺគេហៅល្ខោនព្រះរាជទ្រព្យថា «ល្ខោនហ្លួង» ពីព្រោះល្ខោននេះពីមុនស្ថិតនៅក្នុងព្រះបរមរាជវាំង។

របាំព្រះរាជទ្រព្យ តែងឃើញសម្តែងនៅក្នុងព្រះរាជពិធីទាក់ទងនឹងព្រះមហាក្សត្រនិងពិធីបុណ្យផ្សេងៗ ក្នុងនោះរួមមាន ព្រះរាជពិធីបុណ្យឡើងគ្រងរាជព្រះមហាក្សត្រ ពិធីមង្គលការនិងក្នុងឱកាសថ្ងៃឈប់សម្រាក ជាដើម។ កាលពីមុន នារីរបាំទាំងឡាយជាអ្នករស់នៅក្នុងរាជវាំង ហើយត្រូវហាត់រៀនរបាំបុរាណខ្មែរជារៀងរាល់ ថ្ងៃចាប់ពីអាយុ៨ឆ្នាំឡើងទៅ។ ការហាត់រៀនត្រូវតែហ្មត់ចត់ ព្រោះមានការត្រួតពិនិត្យពីសំណាក់អ្នកគ្រូៗរបាំ ដែលជាអតីតអ្នករបាំជើងចាស់។ គួរឱ្យកត់សម្គាល់ដែរ របាំព្រះរាជទ្រព្យសម្តែងដោយមនុស្សស្រី ទាំងអស់។ មូលហេតុដែលរបាំក្បាច់បុរាណ មានសុទ្ធតែស្រីជាអ្នករាំ ប្រហែលមកពីកំណើតនៃនាងអប្សរជាទេពធីតាសួគ៌ ឬនារីរបាំសួគ៌ កើតចេញពីការកូរសមុទ្រទឹកដោះដែលជា ស្រីសុទ្ធសាធ។ ម្យ៉ាងទៀត ដោយសារអត្ថន័យនៃពាក្យ ស្រី (សំស្រ្កឹត)៖ សិរី មានន័យថា សិរីមង្គល ឬស្រី សួស្តី ជាដើម។ គួបផ្សំនឹងទស្សនៈខ្មែរ ស្រីគឺតំណាងឱ្យភាពបរិសុទ្ធ ជាទ្រព្យសំណាង ជាលាភសក្ការៈ ស្រីគឺតំណាង ឱ្យភាពរុងរឿងមានសុភមង្គល។ លក្ខណៈពិសេសនៃរបាំព្រះរាជទ្រព្យ ជាប្រភេទសិល្បៈទេវៈ សិល្បៈរបាំសក្ការៈដែលកើតចេញពីសាសនា មាននាទីពាំនាំពាក្យបន់ស្រន់ បួងសួងពីផែនដីទៅស្ថានសួគ៌ ដូច្នេះទើបមានតែស្រីៗ ជាអ្នករបាំ។ ប៉ុន្តែក្រោយមក តួស្វាត្រូវប្តូរឱ្យមនុស្សប្រុសជាអ្នករាំវិញមកដល់សព្វថ្ងៃ ដោយព្រះមហាក្សត្រីយានី កុសុមៈ នារីរ័ត្ន ជាអ្នកត្រាស់បង្គាប់ឱ្យហៅអ្នករបាំប្រុសមកពីវត្តស្វាយអណ្ដែត។

របាំព្រះរាជទ្រព្យ ជាទម្រង់សិល្បៈមួយបែបដែលអ្នករបាំប្រើកាយវិការ និងសម្តែងនូវអារម្មណ៍ដើម្បី រៀបរាប់ពីសាច់រឿងដោយមិនមានការច្រៀង ឬចេញសម្ដីពីនារីរាំទាំងនោះឡើយ។ សម្លៀកបំពាក់ និងគ្រឿងអលង្ការក្នុងក្បាច់របាំរបស់តួអង្គក្សត្រា គឺដូចគ្នានឹងឈុតរបស់ព្រះរាជានា ពេលអភិសេក រីឯឈុតសម្លៀកបំពាក់របស់ក្សត្រីវិញ គឺដូចគ្នានឹងឈុតដែលស្រ្តីនានាស្លៀកពាក់ក្នុងពេលសំខាន់ៗ ណាមួយប្រចាំក្នុងជីវិតរបស់ខ្លួន។ ចំពោះតួអង្គផ្សេងៗនៃរឿងដូចជាតួយក្ស និងតួស្វាជាដើម មានពាក់ក្បាំងមុខធ្វើពីក្រដាសលម្អដោយការគួរ និងលាបពណ៌ផងនោះគឺសម្រាប់សម្គាល់ និងបន្ថែមរូបភាព កាន់តែច្បាស់អំពីតួអង្គនីមួយៗ។ ការស្លៀកពាក់និងតុបតែងផាត់មុខ ធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងប្រើ រយៈពេលយូរ ដ្បិតអីសម្លៀកបំពាក់ដែលអ្នករបាំត្រូវពាក់លើខ្លួនត្រូវដេរភ្ជាប់គ្នា ដើម្បីកុំឱ្យជ្រុះនិងរឹបរាងល្អ។ ដូចបានរៀបរាប់ពីខាងដើម របាំព្រះរាជទ្រព្យប្រើកាយវិការបញ្ជាក់ពីអត្ថន័យខ្លឹមសារក្នុងពេលសម្តែង ដូចនេះអ្នកច្រៀងមាននាទីសំខាន់ណាស់។ វង់ភ្លេងសម្រាប់លេងកំដរ គឺវង់ភ្លេងពិណពាទ្យ។ ក្នុងចំណោមទម្រង់សិល្បៈ ខ្មែរជាច្រើន របាំព្រះរាជទ្រព្យជាទម្រង់បែបសក្ការៈខ្ពង់ខ្ពស់ថ្លៃថ្នូរ ដែលបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ នៃអត្តសញ្ញាណ និងជាតិសាសន៍របស់ខ្មែរ។ របាំព្រះរាជទ្រព្យ មានភាពដូចគ្នាទៅនឹងល្ខោនខោល (ល្ខោន ពាក់មុខ) និងល្ខោនស្រមោលស្បែកធំ ព្រោះមានដើមកំណើតតាំងពីយូរណាស់មកហើយ និងជាទម្រង់សិល្បៈ ដែលមានជាប់ទាក់ទងនឹងសាសនាសម្រាប់សម្ដែងថ្វាយចំពោះទីសក្ការៈ ឬអាទិទេព។ ដូចគ្នានេះដែរ ទម្រង់ទាំងបីសុទ្ធតែមានវង់ភ្លេងពិណពាទ្យសម្រាប់ប្រគុំកំដរ និងមានអ្នកពោលជាអ្នករៀបរាប់សាច់រឿងជាហូរហែរ។ របាំព្រះរាជទ្រព្យមានលក្ខណៈពិសេសត្រង់តម្លៃនៃការសម្តែងប្រកបដោយសោភ័ណទន់ភ្លន់ ល្អឥតខ្ចោះរួមផ្សំជាមួយទំនៀមទម្លាប់ និងមូលដ្ឋានក្បាច់នៃរបាំរបស់ខ្លួនច្បាស់លាស់។ ក្បាច់ដៃជាមូលដ្ឋាននៃរបាំព្រះរាជទ្រព្យសម្តែងចេញជា “ត្រួយ ស្លឹក ផ្កា ផ្លែ” បង្កើតបានអត្ថន័យទាំងបួនយ៉ាងគឺ ត្រួយ” មានន័យការថាការកើត “ស្លឹក” មានន័យថា ការវិវត្ត “ផ្កា”មានន័យថាការលូតលាស់ និង ផ្កាចាស់ទុំជ្រុះ” មានន័យថាការវិនាសសាបសូន្យ។ ពេល “ផ្កាចាស់ ទុំជ្រុះ នឹងមានគ្រាប់ធ្លាក់ចុះដុះបង្កើតជាវដ្តនៃ ត្រួយ ស្លឹក ផ្កា ផ្លែ បន្តទៀត។ តម្លៃដែលមិនអាចកាត់ថ្លៃបាន និងប្រកបដោយអត្ថន័យជ្រាលជ្រៅនៃទម្រង់របាំព្រះរាជទ្រព្យ ត្រូវបាន សកលលោកទទួលស្គាល់ និងមានការចាប់អារម្មណ៍ពីគ្រប់ទិសទី។ ល្ខោននេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដោយអង្គការយូណេស្កូ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣។