ទាញព្រ័ត្រ ពុំមែនត្រឹមតែជាល្បែងសម្រាប់ល្បងកម្លាំងគ្នាទេ តែល្បែងនេះមានខ្លឹមសារ និងអត្ថន័យជ្រាលជ្រៅទៅក្នុងជំនឿរបស់ប្រជាជនក្នុងប្រទេសកសិកម្មមួយចំនួននៅអាស៊ី។ ក្នុងជំនឿខ្មែរ ទាញព្រ័ត្រ ជាល្បែងសម្រាប់កម្សាន្តផង និងល្បែងលេងក្នុងបរិបទជា “កិច្ចពិធី” ដែលយើងតែងលេងក្នុងពិធីបុណ្យចូលឆ្នាំ បុណ្យឆ្លងចែត្រ ឬឡើងអ្នកតា នៅតាមទីវត្តអារាម និងតាមភូមិស្រុកដោយកន្លែង។ ថ្ងៃចុងក្រោយ នៃថ្ងៃចូលឆ្នាំ គឺជាថ្ងៃ “ផ្ដាច់ព្រ័ត្រ” ពោលគឺគេត្រូវទាញព្រ័ត្រឱ្យដាច់នៅវេលាថ្ងៃត្រង់ ដែលខ្លឹមសារជារួមក្នុងគំនិតខ្មែរ គឺមានន័យថា ផ្តាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។ ល្បែងទាញព្រ័ត្រ បានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ តាមការស្នើពីប្រទេសចំនួនបួនរួមគ្នា គឺកម្ពុជា សាធារណរដ្ឋកូរ៉េ វៀតណាម និងហ្វីលីពីន។
ចំពោះការលេងទាញព្រ័ត្រ គេត្រូវមានខ្សែព្រ័ត្រធ្វើពីផ្តៅ ឬពួរ ទំហំធំប៉ុនកដៃក្មេង ឬតូចជាងនោះបន្តិច ប្រវែងខ្លីឬវែងអាស្រ័យតាមចំនួនអ្នកចូលរួមលេង។ បន្ទាប់មក គេជ្រើសយកទីកន្លែងណាមួយ ដែលមានទីធ្លាវាលធំទូលាយ ហើយគូសខ័ណ្ឌសម្គាល់ជាទីកណ្តាល រួចគេគូសសម្គាល់ ឬយកក្រណាត់មកចងនៅលើខ្សែព្រ័ត្រ ដើម្បីបែងចែកពាក់កណ្តាលពួរទៅគូបដិបក្ខម្ខាងម្នាក់ស្មើគ្នា។ ចំណែកអ្នក លេងទាំង២ក្រុម ជួនមានប្រុសម្ខាង ស្រីម្ខាង ហើយ ជាទូទៅឃើញខាងស្រីមានចំនួនច្រើនជាងខាងប្រុស ដ្បិតគេយល់ថាកម្លាំងមនុស្សស្រីខ្សោយជាងមនុស្សប្រុស។ ក្រោយពីរៀបចំរួចរាល់ អ្នកកាន់គង ឬរគាំងចាប់ផ្ដើមវាយ រួចស្រែកឆាកហ៊ោយ៉ាងខ្លាំង រីឯអ្នកទាញក៏ស្រែកបន្ទរ និងខំប្រឹងទាញដើម្បីយកជ័យជម្នះឱ្យក្រុមរៀងៗខ្លួន។ ម៉្លោះហើយការលេងត្រូវធ្វើយ៉ាងណាឱ្យព្រ័ត្រដាច់ ព្រោះមានន័យថា ចាប់ផ្តើមវដ្តនៃការធ្វើស្រែចម្ការ ឬជួនកាលទាញពុំដាច់ ក៏គេយកកាំបិតមកកាត់ផ្តាច់នៅចំចំណុចកណ្តាលខ្សែព្រ័ត្រ នោះឱ្យដាច់ដែរ៕




