Chapei Dang Veng

Chapei Dang Veng

ចាប៉ីដងវែង គឺជា​សិល្បៈ​ប្រពៃណីដ៏មាន​ប្រជា​ប្រិយ​មួយ​នៅក្នុង​សង្គមខ្មែរ  ហើយ​បាន​បញ្ចូល​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាល​ពីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ទម្រង់​សិល្បៈ​នេះ តែង​ប្រើ​ចាប៉ីធ្វើ​​ជាឧបករណ៍​ សម្រាប់​កេះ​កំដរ​ ច្រៀង​រៀបរាប់​សាច់រឿង ឬប្រធានបទផ្សេងៗ។ ជា​ទូទៅចាប៉ីមាន​ប្រវែង​ប្រហែល​១ម៉ែត្រ​កន្លះ ហើយ​​ដែល​គេ​ចំណាំថាមាន​ស្នូក​ធ្វើ​ពីដើម​រាំង (ឬដើម​ខ្នុរ) ដងពីដើម​ក្រសាំង សន្ទះ​ពីដើម​ខ្ទម្ព គីង្គក់​ពី​ដើម​ធ្នង់ ខ្ទង់​ពី​ឆ្អឹង…។

ចាប៉ីដងវែង​ ទទួលបាន​ការ​និយម​ពីទស្សនិក​ជន​​ ដ្បិត​សំឡេង​ចាប៉ី​ក៏ពីរោះ​ ហើយ​អ្នក​ច្រៀង​ចាប៉ី​មិន​ត្រឹម​តែ​មាន​សំឡេង​ពីរោះ​ប៉ុណ្ណោះទេ ថែមទាំង​មាន​ទេពកោសល្យប៉ិន​ប្រសប់​​ខាង​ប្រើ​វោហារ និង​កំប្លុក​កំប្លែង​ទៀតផង។ ជួន​កាល​អ្នក​លេង​ចាប៉ី​ក៏ត្រូវ​ច្រៀង​ “ឆ្លងឆ្លើយ” ជាមួយ​ដៃគូ ដោយ​ការ​ចោទ-ឆ្លើយ​ទៅវិញទៅមក​ជា​អាថ៌ប្រស្នាផ្សេងៗ ឬជា​ពាក្យ​កាព្យ​ឃ្លោង​​ដោយ​ឥត​ព្រាង​ទុកឡើយ។ ម្ល៉ោះ​ហើយ​អ្នកច្រៀង​ចាប៉ី ច្រើន​ជា​មនុស្ស​ដែល​ធ្លាប់​បួស​រៀន​ ឬជា​អ្នក​យល់​ដឹង​ច្រើន​ពីអក្សរ​សាស្រ្ត​ ពូកែ​ចាប់​ចុង​ជួន ចេះកំប្លុក​កំប្លែង និង​មាន​បញ្ញា​ឈ្លាស​វៃ ដ្បិត​ត្រូវ​ចេះ​ចាំរឿង​ច្រើន ហើយ​ត្រូវ​បង្កើត​ទំនុក​ច្រៀង​ភ្លាម​ៗ​ស្រប​តាម​បរិយា​កាស​នៃពិធី ឬព្រឹត្តិការណ៍ដែល​ខ្លួន​កំពុង​សម្តែង។ ហេតុដូច្នេះ ទើប​គេមើល​ឃើញថា​ចាប៉ី​បាន​ជ្រាប​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ជីវិត​រស់នៅ ប្រពៃណី និង​ជំនឿ​របស់​អ្នកស្រុក ដែល​យើង​សង្កេត​ឃើញ​គេ​លេង​នៅ​ក្នុង​ពិធីប្រពៃណី​សំខាន់ៗ​ដូចជា កិច្ច​ជា​វខាន់ស្លា​ក្នុង​ពិធីមង្គលការ ពិធីកោរ​ជុក ពិធីបំបួស​នាគ និ​ងពិធីបុណ្យ​កឋិន​​ជាដើម៕