ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ប្រាសាទព្រះវិហារ

បេតិកភណ្ឌរូបី
ប្រាសាទព្រះវិហារ
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨
ទីក្រុងកេបិក, ប្រទេសកាណាដា

ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ជាមួយខេត្តស៊ីសាកេត ប្រទេសថៃ។ រមណីយដ្ឋាន​ប្រវត្តិសាស្រ្តនេះ​ មានចម្ងាយ​ប្រមាណជា៤០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងប្រមាណជា១០០ គីឡូម៉ែត្រ​ពីទីរួមខេត្តព្រះវិហារ សង់​លើ​ខ្ពង់រាបដ៏ខ្ពស់​នៃកំពូលភ្នំដងរែកកម្ពស់៥៤៧ម៉ែត្រ និងមាន​កម្ពស់ខ្ពស់ជាងនីវ៉ូទឹកសមុទ្រ៦៥៧ម៉ែត្រ។

ប្រាសាទព្រះវិហារសាងសង់នៅលើភ្នំធម្មជាតិ ជាខឿនថ្នាក់ៗ ធ្វើអំពីថ្មភក់ និងថ្មភ្នំ។ ប្រាសាទ​នេះ​បែរមុខទៅទិសខាងជើង មានខ្លោងទ្វារធំចំនួនប្រាំ ហើយនៅកំពែងខ្លោងទ្វារធំនីមួយៗ​មានសំណង់ផ្សេងៗគ្នា។ ប្រាសាទនេះជាសំណង់ស្ថាបត្យកម្មដែលមានភាព​ខុសប្លែកពី​សំណង់​ប្រាសាទ​ដទៃ ដោយសារភាពស្មុគស្មាញនៃសំណង់តួប៉មនីមួយៗ ហើយភ្ជាប់គ្នាដោយផ្លូវដើរ និង​ជណ្តើរ​ប្រវែង៨០០ម៉ែត្រ ដែលជាលក្ខណៈពិសេសមួយនៃសំណង់ស្ថាបត្យកម្មរបស់ខ្មែរ រួមជាមួយ​ភាពប៉ិនប្រសប់របស់ខ្មែរបុរាណក្នុងការប្រើកែប្រែភ្នំធម្មជាតិឱ្យប្រែក្លាយជាដ៏ភ្នំពិសិដ្ឋមួយ។

តាមរយៈសំណង់ស្ថាបត្យកម្ម និងសិលាចារឹកនៅប្រាសាទព្រះវិហារ អាចឱ្យយើងដឹងថា​ប្រាសាទនេះកសាងឡើងក្នុងរាជ្យព្រះរាជាច្រើនអង្គ ដោយមានព្រះរាជាសំខាន់ៗដូចជា​ព្រះបាទ​យសោ​វរ័្មនទី១ ព្រះបាទសូរ្យវរ័ន្មទី១ ព្រះបាទសូរ្យវរ័្មនទី២ ដែលជាហេតុធ្វើឱ្យ ប្រាសាទនេះមាន​ការលម្អ​ស្ថាបត្យកម្មខុសៗគ្នា។ ប្រភពសិលាចារឹកសំខាន់ៗចំនួនបួននៅប្រាសាទព្រះវិហារដែលចុះ​បញ្ជីសារពើភណ្ឌសិលាចារឹកលេខរៀង K.380, K.381, K.382 និង K.383 រួមទាំងសិលាចារឹក​ប្រាសាទ​ស្តុកកក់ធំ (K. 235) សិលាចារឹកប្រាសាទបាពួន និងសិលាចារឹកប្រាសាទឃ្លាំងខាងជើង សុទ្ធសឹង​ជាប្រភពព័ត៌មានយ៉ាងសំខាន់អំពីប្រាសាទនេះ។

ប្រាសាទព្រះវិហារ បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា​ នាកិច្ចប្រជុំលើកទី៣២ របស់គណៈ​កម្មាធិការ​បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ មានក្នុងលក្ខណៈវិនិច្ឆ័យលេខ១​ ដែលប្រាសាទ​ព្រះវិហារជាសំណង់ស្ថាបត្យកម្មខ្មែរដ៏លេចធ្លោល្អឯក និងមានលក្ខណៈពិសេសទាំងការរចនាប្លង់ និងក្បាច់លម្អ រួមជាមួយរចនាសម្ព័ន្ធដ៏ស្មុកស្មាញរបស់ប្រាសាទ ដែលតភ្ជាប់គ្នាពីមួយទៅមួយនៅ​តាមជម្រាលភ្នំ បង្កើតបានជាទេសភាពល្អឯក និងពិសិដ្ឋទាំងផ្នែកវប្បធម៌ និងផ្នែកសាសនា៕