តំបន់ប្រាសាទសំបូរព្រៃគុកស្ថិតនៅភាគឦសាននៃបឹងទន្លេសាប និង មានចម្ងាយប្រមាណ៣០គ.ម ភាគឦសានទីរួមខេត្តកំពង់ធំ។ អ្នកស្រាវជ្រាវភាគច្រើនបានសន្និដ្ឋានថា រមណីយដ្ឋាននេះជាអតីតរាជធានីបុរាណនៃអាណាចក្រចេនឡា ដែលរីកចម្រើនខ្លាំងក្នុងអំឡុងស.វទី៧ មានឈ្មោះថា ឦសានបុរ ពោលគឺសំដៅលើរាជធានីរបស់ព្រះបាទឦសានវរ្ម័នទី១ (គ.ស៦១១-៦៣៥)។
រចនាសម្ព័ន្ធក្រុងបុរាណនេះ ត្រូវបានគេប្រទះឃើញនៅប្រហែល១គ.ម ភាគខាងពាយព្យនៃដងទន្លេសែន ដែលស្ថិតលើទីតាំងមួយមានរយៈកម្ពស់២០ម៉ែត្រធៀបនឹងទឹកសមុទ្រ និងប្រហែល៥ម៉ែត្រធៀបនឹង តំបន់ទំនាបលិចទឹកជាប់ដងស្ទឹងសែន។ ក្នុងបរិវេណផ្ទៃដីសរុបចំនួនជាង៣០០០ហិកតា មានលេចឡើងនូវសំណល់បុរាណជាច្រើនដូចជា កំពែងដី និងគូទឹកព័ទ្ធជុំវិញក្រុង ប្រាសាទ ទួលបុរាណ ស្រះទឹក ព្រែកជីកនិង ផ្លូវបុរាណជាដើម។ សំណល់បុរាណទាំងនេះបង្កើតបានជារចនាសម្ព័ន្ធក្រុងមួយ ដែលមានការរៀបចំច្បាស់លាស់ ដែលជាពិសេសគេអាចចាត់ទុកថាជាគំរូក្រុងខ្មែរដំបូងមានរាងបួនជ្រុង និងប្រើប្រព័ន្ធក្រឡាចត្រង្គ។
ដោយឡែកចំពោះបរិបទប្រវត្តិសិល្បៈ សំបូរព្រៃគុកត្រូវបានគេចាត់ទុកជារចនាបថ សម័យមុនអង្គរដែលមានលក្ខណៈពិសេសដោយឡែកទាំងស្ថាបត្យកម្ម សិល្បៈ និងបដិមាសាស្ត្រ។ អ្វីគួរឲ្យចាប់អារម្មណ៍នោះ ទម្រង់នៃសិល្បៈសំបូរព្រៃគុកមានលក្ខណៈប្លែក ដែលទំនងជាការសំយោគរវាងសិល្បៈក្នុងស្រុក និងសិល្បៈបរទេស ជាពិសេសទាក់ទងនឹងសិល្បៈមកពីឥណ្ឌាខាងជើង និងសិល្បៈមួយចំនួនដែលរីក ដុះដាលតាមបណ្តោយផ្លូវសូត្រនៅតំបន់អាស៊ីកណ្តាល។ នៅក្នុងរមណីយដ្ឋាននេះ គេក៏ប្រទះឃើញមានវត្តមាននៃសិល្បៈ និងសំណង់ប្រាសាទមានសម័យកាលផ្សេងៗគ្នា ពោលគឺបន្តមានចាប់ពីសម័យមុនអង្គររហូតដល់សម័យអង្គរ។
ជារួមយើងឃើញថាស្ថានីយសំបូរព្រៃគុកជារាជធានីបុរាណមួយមុនសម័យអង្គរ ដែលរីកចម្រើនខ្លាំង ក្នុងសម័យព្រះបាទឦសានវរ្ម័នទី១។ ការតាំងទីរបស់មនុស្សនៅក្នុងទីក្រុងនេះ មានបន្តររហូតដល់សម័យអង្គរ ដូចមានជាភស្តុតាងតាមរយៈចម្លាក់ សិលាចារឹក និងសំណងប្រាសាទ ។ល។ ជាក់ស្តែង គេប្រទះឃើញវត្តមាន នៃទម្រង់សិល្បៈច្រើនសម័យផ្សេងៗមានចាប់តាំងទីស.វទី៧ រហូតដល់ស.វទី១០។ លើសពីនេះ ទម្រង់សិល្បៈ សំបូរព្រៃគុកមានលក្ខណៈប្លែក និងមានទំនាក់ទំនងនឹងសិល្បៈបរទេសជាពិសេសតំបន់អាស៊ីកណ្តាល។
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ក្រុមប្រាសាទ សំបូរព្រៃគុកត្រូវបានចុះក្នុងបញ្ជីបេតិភណ្ឌពិភពលោកកម្ពុជា ក្នុងកិច្ចប្រជុំនៅទីក្រុងក្រាកៅ (Krakow) ប្រទេស ប៉ូឡូញ ដែលមានលក្ខណៈសម្បត្តិបីជាចម្បង គឺទី២ ទី៣ និងទី៤ នៃតម្លៃលេចធ្លោជាសាកលលើ ផ្នែកប្រវត្តិសាស្ត្រ សិល្បៈ និងសំណង់ស្ថាបត្យកម្ម៕





