ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


តំបន់អង្គរ

បេតិកភណ្ឌរូបី
តំបន់អង្គរ
ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៩២
ទីក្រុងសាន់តាហ្វេ, សហរដ្ធអាមេរិក

តំបន់អង្គរ ជាបូជនីយដ្ឋានដ៏សំខាន់មួយរបស់កម្ពុជា មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាបភាគខាងជើងនៃប្រទេសកម្ពុជា និងមានចម្ងាយប្រមាណ៣៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ តំបន់នេះ ជាអតីតរាជធា​​នីនៃអាណាចក្រខ្មែរ ដែលមានឈ្មោះដើមថា «យសោធរបុរ» ចាប់ពីសតវត្សទី៩ ដល់សតវត្សទី១៤ ​ដែលស្ថិតនៅលើទំនាបចន្លោះបឹងទន្លេសាបភាគខាងត្បូងនិង ភ្នំគូលែនស្ថិតនៅភាគខាងជើង​។ តំបន់អង្គរមានវិសាលភាពរហូតដល់ភ្នំគូលែន តំបន់រលួស តំបន់តាមមាត់ទន្លេសាប រហូតដល់ស្ទឹងពួក។​ ភស្ដុតាងជាច្រើនដូចជា សំណល់បុរាណវិទ្យា សំណង់ស្ថាបត្យកម្ម សិលាចារឹកជាភាសាសំស្រ្កឹត និងខ្មែរបុរាណ របៀបរៀបចំក្រុង ប្រព័ន្ធគ្រប់គ្រងរដ្ឋ ស្នាដៃសិល្បៈ ប្រព័ន្ធធារាសាស្រ្ត បណ្ដាញផ្លូវគមនាគមន៍ ឧស្សាហកម្មដែក និងកុលាលភាជន៍ សុទ្ធជាប្រភពដ៏សំខាន់បង្ហាញពីអារ្យធម៌អង្គរ និងឥទ្ធិពលនៃរដ្ឋអំណាចនៃចក្រភពអង្គរ។ ត្បិតតែអង្គរជារាជធានីនៃចក្រភពខ្មែរចាប់ពីស.វ.ទី៩មកក្តី ប៉ុន្ដែបើយោងតាមរយៈភស្ថុតាងបុរាណវិទ្យា​ តំ​បន់នេះមានមនុស្សរស់នៅតាំងពីសម័យបុរេប្រវត្តិមកម៉្លេះ និងបន្ដរហូតមកដល់បច្ចុប្បន្នជាហូរហែរឥតដាច់​។

អង្គរជាសម្បត្តិបេតិកភណ្ឌដ៏សំខាន់មួយក្នុងចំណោមបេតិកភណ្ឌបុរាណដ៏ទៃទៀតនៃសម្បត្តិមនុស្សជាតិ។ តំបន់អង្គរបានចុះបញ្ជីបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ១៩៩២ ដោយគ្របដណ្ដប់លើផ្ទៃដីប្រមាណជា៤០១ ដែលបែងចែកជាបីតំបន់សំខាន់ៗគឺ តំបន់អង្គរ តំបន់រលួសដែលស្ថិតនៅភាគខាងត្បូងនៃតំបន់អង្គរ និងតំបន់បន្ទាយស្រី ដែលស្ថិតនៅភាគខាងជើងនៃតំបន់អង្គរ​។