នៅក្នុងសង្គមខ្មែរ ភស្តុតាងនៃការនិយមល្បែងប្រើប្រាស់រាងកាយ ឬគុនបុរាណបាន បង្ហាញតាមរយៈចម្លាក់ប្រាសាទបុរាណ គំនូរបុរាណតាមវត្ត និងការសម្តែងជាទស្សនីយភាពនៅក្នុងកិច្ចពិធីផង។ សព្វថ្ងៃ ក្បាច់គុនខ្មែរអាចមានឈ្មោះហៅផ្សេងៗគ្នាតាមស្រុកតាមតំបន់ ឬតាមគ្រូគុន ប៉ុន្តែមនុស្សភាគច្រើនហៅថា “ល្បុក្កតោ”។ គុនល្បុក្កតោ ជាក្បាច់គុនបុរាណដែលចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយ និងបន្តរហូតដល់បច្ចុប្បន្ន។ គេប្រទះឃើញមានចម្លាក់ទាក់ទងនឹងក្បាច់គុន សេសសល់ខ្លះជាចម្លាក់បុរាណតូច ធំ នៅលើខឿន មេទ្វារ និងជញ្ជាំងប្រាសាទពីសម័យបុរាណដូចជា ប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម បាពួន បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។ ការបង្ហាត់ក្បាច់គុនល្បុក្កតោ តៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី កម្លាំងកាយ កម្លាំងចិត្ត និងវិន័យដល់អ្នកហាត់គុននេះ ពីសមត្ថភាពការពារខ្លួនពីសត្វសាហាវ សត្រូវនានា និងការពារសង្គមជាតិ។ គុនល្បុក្កតោ មិនត្រឹមតែជាទម្រង់សិល្បៈក្បាច់គុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវទិដ្ឋភាពវប្បធម៌ផង ជាក់ស្ដែងដូចជាការបង្ហាញទស្សនីយភាពនៅពេលមានពិធីបុណ្យផ្សេងៗ ដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌ បុណ្យបូជាព្រះបរមសពព្រះរាជា បុណ្យដារលាន ឬពិធីបុណ្យដទៃទៀត។ លើសពីនេះនៅតំបន់ខ្លះក៏មានការប្រកួតដាល់គុន ដើម្បីថ្វាយអ្នកតាប្រចាំភូមិស្រុកដែរ។
គុនល្បុក្កតោ មានលក្ខណៈសំយោគនូវគ្រប់ស្នៀត និងក្បាច់នៃក្បួនកីឡារបស់ខ្មែរដូចជា កីឡាប្រដាល់សេរី ចំបាប់ និងគុនដំបងជាដើម។ ក្បាច់ និងស្នៀតជាច្រើននៃគុនល្បុក្កតោគឺជាការយកតម្រាប់ ធម្មជាតិជាក់ស្តែងដែលមានក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស និងកាយវិការរបស់សត្វផ្សេងៗដូចជាសត្វបក្សី សេះ ស្វា ខ្លា តោ ក្រពើ ដំរី កិន្នរ ពស់ និងនាគ។ល។ គុនល្បុក្កតោ ចែកចេញជា១២ទ្វារ ដែលទ្វារទី១ដល់ទី៨ប្រើប្រាស់កាយសម្បទា ហើយទ្វារទី៩ដល់ទី១២ប្រើប្រាស់អាវុធ ដែលរួមមានអាវុធគ្រោះថ្នាក់ និងអាវុធគ្មានគ្រោះថ្នាក់។ ក្បាច់គុននេះតម្រូវឱ្យវាយកៀកនឹងគូប្រយុទ្ធដោយប្រើកែងដៃ និងជង្គង់ជាមូលដ្ឋាន។ នៅពេលប្រយុទ្ធអ្នកចេះក្បាច់គុនល្បុក្កតោអាចប្រើដៃទទេ ឬអាវុធ ផ្សេងៗមានដូចជា ដាវ លំពែង កាំបិត ព្រួញ ស្នា ដំបង ក្រមា កន្សែង ខ្សែគាថា ខែល។ អ្នកហាត់តម្រូវឱ្យហ្វឹកហាត់បច្ចេកទេសវាយសម្រុក និងការពារ ដោយពឹងផ្អែកលើដៃ និងជើងទទេ ហើយកាលណាសិស្សគុនអាចបង្ហាញពីភាពស្ទាត់ជំនាញបានហើយ ទើបគេអាចរៀនពីការប្រើប្រាស់អាវុធ។ បន្ថែមពីនេះគុនល្បុក្កតោបែងចែកជា៧កម្រិតផ្សេងៗគ្នា ដែលអាចសម្គាល់បានដោយពណ៌ក្រមាដែលមានដូចជា ក្រមាស ក្រមាបៃតង ក្រមាក្រហម ក្រមាត្នោត ក្រមាខៀវ ក្រមាខ្មៅ និងក្រមាមាស។ កម្រិតនៃក្រមាខ្មៅ រាប់ចាប់ពីកម្រិតទី១ជាន់ រហូតដល់កម្រិតទី១០ជាន់ ដែលតម្រូវឱ្យសិស្សគុនទាំងអស់ហាត់យ៉ាងតិច១០ឆ្នាំ និងចេះយ៉ាងហោចណាស់ចំនួនមួយពាន់ក្បាច់។ ចំណែកឯក្រមាមាស គឺជាកម្រិតខ្ពស់បំផុតនៃគុនល្បុក្កតោ ពោលគឺអ្នកដែលទទួលបានកម្រិតនេះត្រូវចេះគុនល្បុក្កតោស្ទើរគ្រប់សព្វទាំងអស់។ នៅស្រុកខ្មែរបច្ចុប្បន្ន គុនល្បុក្កតោបានកំពុងបន្ដហ្វឹកហាត់យ៉ាងសកម្មនៅក្នុងខេត្តចំនួន១៣ គឺខេត្តកំពត តាកែវ កំពង់ឆ្នាំង កំពង់ធំ សៀមរាប ប៉ៃលិន ពោធិសាត់ កោះកុង បន្ទាយមានជ័យ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និងកណ្តាល។
នៅថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នាកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មការអន្ដររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្ដីសម្រច 17.COM7.b.1៕




