ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ក្រមា

ក្រមា

ក្រមាមានសារៈសំខាន់ណាស់ក្នុងសង្គមខ្មែរ ពិសេសចំពោះអ្នកស្រុកស្រែចម្ការ។ ពួកគាត់មិនអាចខ្វះ​ក្រមាបានឡើយ។ ពេលទៅណាមកណាម្តងៗ ពួកគាត់រមែងមានក្រមាជាប់ខ្លួនរហូត។ ខ្មែរយកក្រមាមក​ប្រើប្រាស់​បានច្រើនយ៉ាងណាស់ ទាំងនៅក្នុងជីវភាប្រចាំថ្ងៃ និងក្នុងកិច្ចពិធី តាំងពី​កើត​រហូត​ដល់ស្លាប់ ដូចជា​យកទៅរុំ ឬដណ្តប់ឱ្យទារកទើបកើត, ចងធ្វើអង្រឹងឱ្យក្មេងដេក, ស្លៀក ឬ ជួតក្បាលជាដើម។ នៅក្នុងកិច្ចពិធី គេយកក្រមាទៅរុំផ្កា​ស្លាក្នុ​ង​ពិធីមង្គលការ, រុំថង់រង រុំបាយព្រលឹង យកទៅធ្វើជារណ្ដាប់ព្រះពិស្ណុការ ឬប្រើក្នុង​កិច្ចប្រែរូប​។ ក្រៅពីនោះអាចយកទៅមកចងធ្វើឈូង ឬលេងលាក់កន្សែង, ចងមុខលេងរាវបង្កង ឬលេង​វាយក្អមពេលចូលឆ្នាំ។ ជួនកាលទៀត អ្នកស្រុកយកមកធ្វើ​ជារបស់​ប្រចាំចិត្ត ឬចំណងដៃគូសង្សារ ឬគូភរិយា​ស្វាមី​ក៏មាន។

ក្រមាមានច្រើនប្រភេទ និងច្រើនពណ៌។ ខ្លះជ្រលក់ពណ៌ធម្មជាតិដូចជាពណ៌កើតចេញពីដើមត្រុំ ប្រហូត មក្លឿ ឬពីពណ៌កើតចេញពីរុក្ខជាតិផ្សេងទៀត​។ អ្នកតម្បាញខ្លះក៏ជ្រលក់ពណ៌គីមីដែរ។ ចំពោះអំបោះ​វិញ​​ភាគច្រើនត្បាញ​ពីអំបោះធម្មតា។ តែជួនកាលក៏ត្បាញពីសូត្រដែរ។ សព្វថ្ងៃ តម្បាញក្រមាមានទាំងត្បាញ​ដោយដៃ ​និងត្បាញដោយម៉ាស៊ីន។ 

ចំណែកឯពាក្យហៅវិញក៏មានច្រើនដែរ។ អ្នកក្រុង ឬអ្នកនៅទីប្រជុំជន​ច្រើនហៅថា “ក្រមា”។ រីឯ​អ្នកស្រែ​ចម្ការហៅ “កន្សែង”, “សំពត់ដណ្តប់” ឬក៏ហៅថា “ឈ្នួត” ទៅតាមស្រុកតាមទេសរៀងៗខ្លួន។ ពាក្យ “កន្សែង”, “ឈ្នួត” និង “សំពត់ដណ្ដប់” ជាពាក្យខ្មែរ។ ចំណែកឯ ពាក្យ “ក្រមា” ជាពាក្យខ្ចីមកពីភាសាពែរ្ស។

ក្រមាដែលជាអត្តសញ្ញាណមួយរបស់ខ្មែរ ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី​នៃ​មនុស្ស​ជាតិ​​របស់អង្គការ​យូណេស្កូ នៅ​ថ្ងៃ​ទី ​៤ ​ខែ​ធ្នូ​ ឆ្នាំ ២០២៤ ក្នុងសម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការ​​​អន្តរ​រដ្ឋាភិបាលសម្រាប់ការ​ការពារ​បេតិកភណ្ឌវប្បធម៌អរូបីនៅទីក្រុងអាសង់ស្យុង ប្រទេស​ប៉ារ៉ាហ្គាយ។