ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីក្នុងពិធីបើក “មហោស្រព វប្បធម៌អន្តរជាតិកម្ពុជា ឆ្នាំ ២០២៦”

លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីក្នុងពិធីបើក “មហោស្រព វប្បធម៌អន្តរជាតិកម្ពុជា ឆ្នាំ ២០២៦”

នាព្រឹកថ្ងៃសៅរិ៍ ២រោច ខែចេត្រ ឆ្នាំ ម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “មហោស្រពវប្បធម៌អន្តរជាតិកម្ពុជា ឆ្នាំ ២០២៦” ដែល រៀបចំឡើងដោយក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ខូអិលធីឌី (Paragon Education Co.,LTD)។

ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ និងផ្សព្វផ្សាយវប្បធម៌៖ បង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់បណ្ដាប្រទេសនានាជុំវិញពិភពលោក ក៏ដូចជាការរំលេចនូវអត្តសញ្ញាណវប្បធម៌ដ៏ត្រកាលរបស់កម្ពុជា និងការកសាងសហគមន៍រឹងមាំ បង្កើតចំណងមិត្តភាពកាន់តែជិតស្និទ្ធ និងសាមគ្គីភាពរវាងប្រជាជាតិ និងប្រជាជាតិ តាមរយៈស្ពាននៃសិល្បៈ និងវប្បធម៌។ ជាមួយនេះ ពិធីនេះក៏ដើម្បីរំលេចពីសារៈសំខាន់នៃភាពសុខដុមនៃវប្បធម៌ ដែលជាគ្រឹះដ៏រឹងមាំក្នុងការកសាង និងថែរក្សាសន្តិភាពសកល ព្រមទាំងដើម្បីអបអរសាទរភាពចម្រុះនៃវប្បធម៌នីមួយៗ ដើម្បីការរស់នៅជាមួយគ្នាដោយសេចក្ដីថ្លៃថ្នូរ។

ពិធីនេះបានក្លាយជាវេទិកាដ៏រស់រវើកក្នុងការផ្ដល់ឱកាសដល់អ្នកចូលរួម បានសិក្សាស្វែងយល់ និងទទួលយកបទពិសោធន៍ផ្ទាល់ពីការសម្ដែងសិល្បៈ ការងារហត្ថកម្ម និងសកម្មភាពវប្បធម៌ចម្រុះជាតិសាសន៍ ប្រកបដោយភាពស្និទ្ធស្នាល និងមោទនភាព។