ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


សិក្ខាសាលាពិគ្រោះយោបល់លើឯកសារស្នើសុំដាក់បេក្ខភាពក្រុងកំពតក្នុងបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network – UCCN)

សិក្ខាសាលាពិគ្រោះយោបល់លើឯកសារស្នើសុំដាក់បេក្ខភាពក្រុងកំពតក្នុងបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network – UCCN)

នាថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារស្នើសុំដាក់បេក្ខភាពក្រុងកំពតចូលក្នុងបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងតំណាងស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។

សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងសម្រិតសម្រាំងខ្លឹមសារសេចក្តីព្រាងឯកសារស្នើសុំរបស់ក្រុងកំពត ឱ្យមានភាពត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ស្របតាមលក្ខណៈវិនិច្ឆ័យរបស់បណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ។ ទន្ទឹមនឹងនេះ សិក្ខាសាលាក៏បានផ្តល់វេទិកាសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់មតិយោបល់ ធាតុចូល និងអនុសាសន៍នានា ដើម្បីពង្រឹងគុណភាពឯកសារមុនដាក់ជូនអង្គការយូណេស្កូជាផ្លូវការ នាពេលខាងមុខ។