ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចាត់តំណាងចុះសួរសុខទុក្ខ កម្មករ កម្មការិនីរងគ្រោះថ្នាក់ចរាចរណ៍​ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចាត់តំណាងចុះសួរសុខទុក្ខ កម្មករ កម្មការិនីរងគ្រោះថ្នាក់ចរាចរណ៍​ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង

ក្រោយទទួលបានព័ត៌មានដ៏រន្ធត់ស្តីពីគ្រោះថ្នាក់ចរាចរណ៍​រថយន្តដឹកជញ្ជូនកម្មករ និយោជិត​ នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ ២០២៦នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានចាត់ឯកឧត្ដម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារ ចុះសួរ សុខទុក្ខ បងប្អូន កម្មករ កម្មការនីដែលកំពុងសម្រាកព្យាបាល និងសង្រ្គោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ព្រមទាំងបាននាំយកថវិការបស់លោកជំទាវបណ្ឌិតសភាចារ្យជូនជនរងគ្រោះផងដែរ។

នៅក្នុងឱកាសនោះឯកឧត្តម​ ប្រាក់ សុណ្ណារ៉ា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងសំដែងនូវការសោកស្តាយចំពោះឧបទេវហេតុដែលបានកើតឡើងលើបងប្អូនកម្មករ កម្មការិនី និងសូមជូនពរដល់អ្នករងរបួសទាំងអស់​សូមឆាប់ជាសះស្បើយនិងបានវិលត្រឡប់ទៅលំនៅដ្ឋាន​វិញ ដើម្បីប្រកបការងាររបស់ខ្លួនបន្តទៀត ។