ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ពិធីសំពះគ្រូ និងសម្តែងល្ខោនខោលវត្តស្វាយអណ្តែត

ពិធីសំពះគ្រូ និងសម្តែងល្ខោនខោលវត្តស្វាយអណ្តែត

នាថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយក​នៃអគ្គនាយកដ្ឋាន​បេតិកភណ្ឌ​វប្បធម៌អរូបី និង​ឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួម​ជាអធិបតី​ក្នុងពិធី​សំពះ​គ្រូ និងសម្តែង​ល្ខោន​ខោល​​របស់សហគមន៍ល្ខោនខោលវត្តស្វាយអណ្តែត ស្ថិត​ក្នុង​សង្កាត់សារិកាកែវ ក្រុង​អរិយ​ក្សត្រ​ ខេត្ត​កណ្តាល។ ក្នុងឱកាសជាប្រពៃណីនៃសហគមន៍នេះ ក៏មានការនិមន្តចូលរួមគាំទ្រ​ពី​សំណាក់​ព្រះសង្ឃតាម​បណ្តាវត្តជុំវិញ និងការអញ្ជើញចូលរួម​ផ្តល់កិត្តិយស​ពីសំណាក់​ ឯកឧត្តម​ ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមអគ្គនាយកបានពាំនាំនូវការផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជូនដល់លោកគ្រូ អ្នកគ្រូ និងសិល្បករទាំងអស់។ ឯកឧត្តម​​បានគូសបញ្ជាក់ថា ពិធីសំពះគ្រូនេះមិនត្រឹមតែជាការជួបជុំគ្នាសម្តែងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែ​​គឺជា “ការសម្តែងនូវកតញ្ញូតាធម៌” ដ៏ខ្ពង់ខ្ពស់ចំពោះបុព្វបុរសគ្រូអាចារ្យ ដែលបានថែរក្សា​មរតក​ល្ខោនខោល​ដែលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិឱ្យនៅរស់រវើកដល់សព្វថ្ងៃ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បាន​ថ្លែង​កោតសរសើរដល់​ការខិតខំប្រឹងប្រែងរបស់រដ្ឋបាល​សង្កាត់​សារិកា​កែវ គណៈគ្រប់គ្រងក្រុមល្ខោន និងការជ្រោមជ្រែងពីព្រះគ្រូចៅអធិការវត្តស្វាយអណ្តែត ដែល​បានរៀបចំកម្មវិធីរយៈពេល ៥ថ្ងៃ (ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា) យ៉ាងអធិកអធម។ ឆ្លៀត​ឱកាសនោះ ឯកឧត្តម​អគ្គនាយក​បាន​សាទរ​ចំពោះ​វឌ្ឍនភាពនៃកម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈដូនតា “ជំនាញខ្មុក​ស្មាច់” នៅវត្តស្វាយអណ្តែត ដែលបានដំណើរការចំនួន២ឆ្នាំកន្លងមក ហើយទទួល​បាន​សិស្ស​ចូលរៀនច្រើន​​និងទទួល​បាន​​លទ្ធលផលសិក្សា​ល្អប្រសើរផងដែរ។​ ឯកឧត្តម​ក៏​បានអំពាវនាវដល់អាជ្ញាធរ និង​ប្រជា​ពលរដ្ឋ ជាពិសេសយុវជនឱ្យបន្តគាំទ្រចូលរួមទស្សនា និង​ជួយ​​ផ្សព្វផ្សាយពី​តម្លៃ​នៃ​ល្ខោនខោលវត្តស្វាយអណ្តែតឱ្យបានកាន់តែទូលំទូលាយ។ ក្នុងឱកាសនោះ​ដែរ ដើម្បីជា​ការ​លើកទឹកចិត្តដល់សិល្បករ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២,០០០,០០០ រៀល ជូនដល់ក្រុមល្ខោន។

មិនតែប៉ុណ្ណោះ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ឈួរ សុបញ្ញា បាន​ថ្លែងសំណេះ​សំណាល​ និង​ផ្តល់ជា​មតិយោបល់​ ដើម្បីចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ជាតិ ចំនួន​៣ចំណុច ឆ្លុះបញ្ចាំងអំពីសារៈសំខាន់និងការបន្តថែរក្សាល្ខោនខោលក្នុងសង្គមខ្មែរគឺ៖ (១). រៀនស្គាល់ ដើម្បីរក្សាអត្តសញ្ញាណជាតិ (២). ចូលរួមគាំទ្រ ដើម្បីរក្សាជីវិតសិល្បៈបុរាណ និង​ (៣). ផ្សព្វផ្សាយ ដើម្បីបន្តមរតកទៅជំនាន់ក្រោយ។ ក្នុងស្មារតីគាំទ្រសិល្បៈល្ខោនខោលវត្ត​ស្វាយ​អណ្តែត​ឯកឧត្តមរដ្ឋលេខាធិការក៏បាន​ចូលរួមថវិកាផ្ទាល់ខ្លួន​ ចំនួន​ ១.០០០.០០០រៀល៕