នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំកម្មវិធី “បោះឆ្នោតជ្រើសរើសបេក្ខភាពតំណាងបុគ្គលិក មន្ត្រីរាជការ និងសាស្ត្រាចារ្យ សម្រាប់ក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល។
ជាលទ្ធផលនៃការបោះឆ្នោតយ៉ាងសកម្ម និងតម្លាភាពពីសំណាក់មន្ត្រីរាជការ និងសាស្ត្រាចារ្យទូទាំងសាកលវិទ្យាល័យ លោក សាន ផល្លា ត្រូវបានអង្គបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជ្រើសរើសជា តំណាងបុគ្គលិក មន្ត្រីរាជការ និងសាស្ត្រាចារ្យ សម្រាប់អាណត្តិថ្មី ក្នុងចំណោមបេក្ខភាពទាំង ០៧ រូប។
ខ្លឹមសារសំខាន់ៗនៃកម្មវិធីរួមមាន៖
- ការបង្ហាញខ្លួនរបស់បេក្ខភាព៖ បេក្ខភាពទាំង ០៧ រូប បានធ្វើការណែនាំខ្លួន និងបង្ហាញពីឆន្ទៈក្នុងការបម្រើការងារជូនអង្គភាព។
- ដំណើរការបោះឆ្នោត៖ ការបោះឆ្នោតបានប្រព្រឹត្តទៅតាមនីតិវិធីជាធរមាន ដើម្បីធានាបាននូវតំណាងដែលមកពីសាលា និងមហាវិទ្យាល័យចំណុះឱ្យ RUFA។
- ការប្ដេជ្ញាចិត្ត និងអនុសាសន៍៖ លោក សាន ផល្លា ដែលជាបេក្ខភាពជាប់ឆ្នោត បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមោះមុត បន្ទាប់ពីទទួលបានការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល។
កម្មវិធីបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងស្មារតីសាមគ្គីភាព ដើម្បីរួមចំណែកដល់ការរីកចម្រើននៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។








