ក្រមាមានសារៈសំខាន់ណាស់ក្នុងសង្គមខ្មែរ ពិសេសចំពោះអ្នកស្រុកស្រែចម្ការ។ ពួកគាត់មិនអាចខ្វះក្រមាបានឡើយ។ ពេលទៅណាមកណាម្តងៗ ពួកគាត់រមែងមានក្រមាជាប់ខ្លួនរហូត។ ខ្មែរយកក្រមាមកប្រើប្រាស់បានច្រើនយ៉ាងណាស់ ទាំងនៅក្នុងជីវភាប្រចាំថ្ងៃ និងក្នុងកិច្ចពិធី តាំងពីកើតរហូតដល់ស្លាប់ ដូចជាយកទៅរុំ ឬដណ្តប់ឱ្យទារកទើបកើត, ចងធ្វើអង្រឹងឱ្យក្មេងដេក, ស្លៀក ឬ ជួតក្បាលជាដើម។ នៅក្នុងកិច្ចពិធី គេយកក្រមាទៅរុំផ្កាស្លាក្នុងពិធីមង្គលការ, រុំថង់រង រុំបាយព្រលឹង យកទៅធ្វើជារណ្ដាប់ព្រះពិស្ណុការ ឬប្រើក្នុងកិច្ចប្រែរូប។ ក្រៅពីនោះអាចយកទៅមកចងធ្វើឈូង ឬលេងលាក់កន្សែង, ចងមុខលេងរាវបង្កង ឬលេងវាយក្អមពេលចូលឆ្នាំ។ ជួនកាលទៀត អ្នកស្រុកយកមកធ្វើជារបស់ប្រចាំចិត្ត ឬចំណងដៃគូសង្សារ ឬគូភរិយាស្វាមីក៏មាន។
ក្រមាមានច្រើនប្រភេទ និងច្រើនពណ៌។ ខ្លះជ្រលក់ពណ៌ធម្មជាតិដូចជាពណ៌កើតចេញពីដើមត្រុំ ប្រហូត មក្លឿ ឬពីពណ៌កើតចេញពីរុក្ខជាតិផ្សេងទៀត។ អ្នកតម្បាញខ្លះក៏ជ្រលក់ពណ៌គីមីដែរ។ ចំពោះអំបោះវិញភាគច្រើនត្បាញពីអំបោះធម្មតា។ តែជួនកាលក៏ត្បាញពីសូត្រដែរ។ សព្វថ្ងៃ តម្បាញក្រមាមានទាំងត្បាញដោយដៃ និងត្បាញដោយម៉ាស៊ីន។
ចំណែកឯពាក្យហៅវិញក៏មានច្រើនដែរ។ អ្នកក្រុង ឬអ្នកនៅទីប្រជុំជនច្រើនហៅថា “ក្រមា”។ រីឯអ្នកស្រែចម្ការហៅ “កន្សែង”, “សំពត់ដណ្តប់” ឬក៏ហៅថា “ឈ្នួត” ទៅតាមស្រុកតាមទេសរៀងៗខ្លួន។ ពាក្យ “កន្សែង”, “ឈ្នួត” និង “សំពត់ដណ្ដប់” ជាពាក្យខ្មែរ។ ចំណែកឯ ពាក្យ “ក្រមា” ជាពាក្យខ្ចីមកពីភាសាពែរ្ស។
ក្រមាដែលជាអត្តសញ្ញាណមួយរបស់ខ្មែរ ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងសម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីនៅទីក្រុងអាសង់ស្យុង ប្រទេសប៉ារ៉ាហ្គាយ។




