ចាប៉ីដងវែង គឺជាសិល្បៈប្រពៃណីដ៏មានប្រជាប្រិយមួយនៅក្នុងសង្គមខ្មែរ ហើយបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ទម្រង់សិល្បៈនេះ តែងប្រើចាប៉ីធ្វើជាឧបករណ៍ សម្រាប់កេះកំដរ ច្រៀងរៀបរាប់សាច់រឿង ឬប្រធានបទផ្សេងៗ។ ជាទូទៅចាប៉ីមានប្រវែងប្រហែល១ម៉ែត្រកន្លះ ហើយដែលគេចំណាំថាមានស្នូកធ្វើពីដើមរាំង (ឬដើមខ្នុរ) ដងពីដើមក្រសាំង សន្ទះពីដើមខ្ទម្ព គីង្គក់ពីដើមធ្នង់ ខ្ទង់ពីឆ្អឹង…។
ចាប៉ីដងវែង ទទួលបានការនិយមពីទស្សនិកជន ដ្បិតសំឡេងចាប៉ីក៏ពីរោះ ហើយអ្នកច្រៀងចាប៉ីមិនត្រឹមតែមានសំឡេងពីរោះប៉ុណ្ណោះទេ ថែមទាំងមានទេពកោសល្យប៉ិនប្រសប់ខាងប្រើវោហារ និងកំប្លុកកំប្លែងទៀតផង។ ជួនកាលអ្នកលេងចាប៉ីក៏ត្រូវច្រៀង “ឆ្លងឆ្លើយ” ជាមួយដៃគូ ដោយការចោទ-ឆ្លើយទៅវិញទៅមកជាអាថ៌ប្រស្នាផ្សេងៗ ឬជាពាក្យកាព្យឃ្លោងដោយឥតព្រាងទុកឡើយ។ ម្ល៉ោះហើយអ្នកច្រៀងចាប៉ី ច្រើនជាមនុស្សដែលធ្លាប់បួសរៀន ឬជាអ្នកយល់ដឹងច្រើនពីអក្សរសាស្រ្ត ពូកែចាប់ចុងជួន ចេះកំប្លុកកំប្លែង និងមានបញ្ញាឈ្លាសវៃ ដ្បិតត្រូវចេះចាំរឿងច្រើន ហើយត្រូវបង្កើតទំនុកច្រៀងភ្លាមៗស្របតាមបរិយាកាសនៃពិធី ឬព្រឹត្តិការណ៍ដែលខ្លួនកំពុងសម្តែង។ ហេតុដូច្នេះ ទើបគេមើលឃើញថាចាប៉ីបានជ្រាបចូលយ៉ាងជ្រៅទៅក្នុងជីវិតរស់នៅ ប្រពៃណី និងជំនឿរបស់អ្នកស្រុក ដែលយើងសង្កេតឃើញគេលេងនៅក្នុងពិធីប្រពៃណីសំខាន់ៗដូចជា កិច្ចជាវខាន់ស្លាក្នុងពិធីមង្គលការ ពិធីកោរជុក ពិធីបំបួសនាគ និងពិធីបុណ្យកឋិនជាដើម៕




