ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ល្ខោន​ខោល​វត្តស្វាយអណ្តែត

ល្ខោន​ខោល​វត្តស្វាយអណ្តែត

ល្ខោនខោលវត្តស្វាយអណ្តែត ស្ថិតក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្ត​កណ្តាល។ ល្ខោននេះ គឺជាប្រភេទល្ខោនដ៏ចំណាស់មួយនៃសិល្បៈ​ទស្សនីយ​ភាព​របស់ខ្មែរ ដែលគេសម្តែងដោយ មានពាក់មុខខ្មុក (លើក​លែង​តួអង្គព្រះរាម និង​ព្រះ​លក្សណ៍) ហើយ​អ្នករាំមានសុទ្ធតែ​មនុស្សប្រុស​ទាំង​អស់ ហើយ​សម្តែងតែរឿងរាមកេរ្តិ៍​ប៉ុណ្ណោះ។ ភ្លេងសម្រាប់​ប្រគំ​កំដរពេលសម្តែង គឺវង់ភ្លេងពិណពាទ្យ ហើយ​អមដោយ​អ្នកពោលរៀបរាប់​ពីដំណើរ​រឿង ដើម្បីឲ្យតួអង្គធ្វើកាយវិការតាមខ្លឹមសារនៃពាក្យ​ពំនោល​នោះ។ ហេតុនេះ ជាទូទៅអ្នកពោល​មានតួនាទីសំខាន់ណាស់ នៅក្នុងវង់ល្ខោន ដ្បិតជាអ្នកដែលចេះចាំសាច់រឿង​រាមកេរ្តិ៍​ច្រើនវែងឆ្ងាយជាងគេ ម៉្លោះហើយអ្នកពោលនោះច្រើន ជាអ្នកដឹកនាំរឿង​និងជាអ្នក​កាត់​កងឆាកនេះឆាកនោះ តម្រូវទៅតាមពេលវេលាទៀតផង។ សម្លៀកបំពាក់​និង​គ្រឿង​អលង្ការ​ប្រើក្នុងល្ខោនខោលមានភាពប្រណីតពុំចាញ់ល្ខោនព្រះរាជទ្រព្យឡើយ មិនថាជា​ល្ខោន​របស់ព្រះរាជវាំង ក្រុមល្ខោនអាជីព ឬរបស់អ្នកស្រែចម្ការនោះទេ។

លក្ខណៈពិសេសរបស់ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត គឺ​ពុំមែនសម្តែង​សម្រាប់​ ទស្សនា​​កម្សាន្តប៉ុណ្ណោះទេ ដ្បិត​អ្នកស្រុក​តែងសម្តែង​ជា​ទំនៀម​ក្រោយ​ចូលឆ្នាំ ក្នុង​ជំនឿ​​ដើម្បីសុំ​​សេចក្តីសុខ​ចម្រើន។ អន្លើ​ដែល​គេ​តែង​លើក​មក​សម្តែង​ពុំ​ដែល​រំលង គឺ “កុម្ភការណ៍​ទប់ទឹក” ដែល​គេយល់ថា​នឹង​ធ្វើ​ឱ្យស្រុក​ភូមិ​សុខ​សប្បាយ ហើយ​មាន​ទឹកភ្លៀង​បរិបូរណ៍ សម្រាប់​​ការ​​ធ្វើ​ស្រែ​ចម្ការ​ទៅ​ឆ្នាំ​ខាងមុខ។ ការសម្តែងជា​ទំនៀម​របស់​ក្រុមល្ខោនសហគមន៍​នេះ តែងធ្វើ​ឡើង​រាល់​ថ្ងៃសោរ៍ បន្ទាប់​​ពី​ចូលឆ្នាំរួច។ ល្ខោន​ខោល​វត្ត​ស្វាយ​អណ្តែត បាន​បញ្ចូល​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាល​ពីថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨៕