Tug of War

Tug of War

ទាញព្រ័ត្រ ពុំ​មែនត្រឹម​តែជា​ល្បែង​សម្រាប់​ល្បងក​ម្លាំងគ្នា​ទេ តែ​ល្បែង​នេះ​មាន​ខ្លឹមសារ​ និង​អត្ថ​ន័យ​ជ្រាល​ជ្រៅទៅ​ក្នុង​ជំនឿ​របស់​ប្រជាជន​ក្នុង​ប្រទេស​កសិកម្ម​មួយ​ចំនួន​នៅ​អាស៊ី។ ក្នុង​ជំនឿ​ខ្មែរ ទាញព្រ័ត្រ ជា​ល្បែង​សម្រាប់​កម្សាន្តផង និង​ល្បែង​លេង​ក្នុង​បរិបទ​ជា “កិច្ច​ពិធី” ដែល​យើង​​តែង​លេង​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ បុណ្យ​ឆ្លងចែត្រ​ ឬឡើង​អ្នក​តា នៅតាមទីវត្តអារាម និងតាមភូមិស្រុកដោយកន្លែង។ ថ្ងៃចុងក្រោយ នៃ​ថ្ងៃ​ចូល​ឆ្នាំ គឺជាថ្ងៃ “ផ្ដាច់ព្រ័ត្រ” ពោលគឺគេត្រូវទាញព្រ័ត្រឱ្យ​ដាច់នៅ​វេលា​ថ្ងៃត្រង់ ដែល​ខ្លឹមសារ​ជារួម​ក្នុង​គំនិត​ខ្មែរ គឺមានន័យថា ផ្តាច់​ឆ្នាំចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី។ ល្បែងទាញព្រ័ត្រ បាន​បញ្ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបី​នៃមនុស្សជាតិ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ តាមការស្នើពីប្រទេស​ចំនួន​បួនរួមគ្នា គឺកម្ពុជា សាធារណរដ្ឋកូរ៉េ វៀតណាម និងហ្វីលីពីន។

ចំពោះការលេងទាញព្រ័ត្រ គេត្រូវមានខ្សែ​ព្រ័ត្រធ្វើពីផ្តៅ ឬពួរ ទំហំធំប៉ុនកដៃក្មេង ឬតូច​ជាង​នោះបន្តិច​ ប្រវែងខ្លីឬវែងអាស្រ័យតាម​ចំនួន​អ្នកចូលរួមលេង។ បន្ទាប់មក គេ​ជ្រើស​យកទីកន្លែងណាមួយ ដែលមានទីធ្លាវាលធំ​ទូលាយ ហើយគូសខ័ណ្ឌសម្គាល់​ជាទីកណ្តាល រួចគេគូសសម្គាល់ ឬយកក្រណាត់មកចង​នៅលើ​ខ្សែព្រ័ត្រ ដើម្បីបែងចែក​ពាក់កណ្តាលពួរ​ទៅគូបដិបក្ខម្ខាងម្នាក់​ស្មើគ្នា។ ចំណែក​អ្នក​ លេង​ទាំង២ក្រុម ជួនមាន​ប្រុស​ម្ខាង ស្រីម្ខាង ហើយ ជាទូទៅឃើញ​ខាងស្រី​មាន​ចំនួន​ច្រើន​ជាង​ខាងប្រុស ដ្បិត​គេយល់ថា​កម្លាំងមនុស្សស្រីខ្សោយជាងមនុស្ស​ប្រុស​។ ក្រោយពីរៀបចំ​រួចរាល់ អ្នកកាន់គង ឬរគាំងចាប់​ផ្ដើមវាយ រួចស្រែកឆាកហ៊ោយ៉ាងខ្លាំង រីឯអ្នកទាញ​ក៏ស្រែក​បន្ទរ និងខំប្រឹងទាញដើម្បី​យក​ជ័យជម្នះឱ្យក្រុមរៀងៗខ្លួន។ ម៉្លោះហើយការលេងត្រូវ​ធ្វើយ៉ាង​​ណាឱ្យព្រ័ត្រដាច់ ព្រោះមាន​ន័យថា ចាប់ផ្តើមវដ្តនៃការធ្វើស្រែចម្ការ ឬជួនកាល​ទាញ​ពុំដាច់ ក៏គេយកកាំបិតមក​កាត់​ផ្តាច់​នៅចំចំណុចកណ្តាលខ្សែព្រ័ត្រ នោះឱ្យដាច់​ដែរ៕