ល្ខោនខោលវត្តស្វាយអណ្តែត ស្ថិតក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ល្ខោននេះ គឺជាប្រភេទល្ខោនដ៏ចំណាស់មួយនៃសិល្បៈទស្សនីយភាពរបស់ខ្មែរ ដែលគេសម្តែងដោយ មានពាក់មុខខ្មុក (លើកលែងតួអង្គព្រះរាម និងព្រះលក្សណ៍) ហើយអ្នករាំមានសុទ្ធតែមនុស្សប្រុសទាំងអស់ ហើយសម្តែងតែរឿងរាមកេរ្តិ៍ប៉ុណ្ណោះ។ ភ្លេងសម្រាប់ប្រគំកំដរពេលសម្តែង គឺវង់ភ្លេងពិណពាទ្យ ហើយអមដោយអ្នកពោលរៀបរាប់ពីដំណើររឿង ដើម្បីឲ្យតួអង្គធ្វើកាយវិការតាមខ្លឹមសារនៃពាក្យពំនោលនោះ។ ហេតុនេះ ជាទូទៅអ្នកពោលមានតួនាទីសំខាន់ណាស់ នៅក្នុងវង់ល្ខោន ដ្បិតជាអ្នកដែលចេះចាំសាច់រឿងរាមកេរ្តិ៍ច្រើនវែងឆ្ងាយជាងគេ ម៉្លោះហើយអ្នកពោលនោះច្រើន ជាអ្នកដឹកនាំរឿងនិងជាអ្នកកាត់កងឆាកនេះឆាកនោះ តម្រូវទៅតាមពេលវេលាទៀតផង។ សម្លៀកបំពាក់និងគ្រឿងអលង្ការប្រើក្នុងល្ខោនខោលមានភាពប្រណីតពុំចាញ់ល្ខោនព្រះរាជទ្រព្យឡើយ មិនថាជាល្ខោនរបស់ព្រះរាជវាំង ក្រុមល្ខោនអាជីព ឬរបស់អ្នកស្រែចម្ការនោះទេ។
លក្ខណៈពិសេសរបស់ល្ខោនខោលវត្តស្វាយអណ្តែត គឺពុំមែនសម្តែងសម្រាប់ ទស្សនាកម្សាន្តប៉ុណ្ណោះទេ ដ្បិតអ្នកស្រុកតែងសម្តែងជាទំនៀមក្រោយចូលឆ្នាំ ក្នុងជំនឿដើម្បីសុំសេចក្តីសុខចម្រើន។ អន្លើដែលគេតែងលើកមកសម្តែងពុំដែលរំលង គឺ “កុម្ភការណ៍ទប់ទឹក” ដែលគេយល់ថានឹងធ្វើឱ្យស្រុកភូមិសុខសប្បាយ ហើយមានទឹកភ្លៀងបរិបូរណ៍ សម្រាប់ការធ្វើស្រែចម្ការទៅឆ្នាំខាងមុខ។ ការសម្តែងជាទំនៀមរបស់ក្រុមល្ខោនសហគមន៍នេះ តែងធ្វើឡើងរាល់ថ្ងៃសោរ៍ បន្ទាប់ពីចូលឆ្នាំរួច។ ល្ខោនខោលវត្តស្វាយអណ្តែត បានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕




