នាថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត និងជា ប្រធានក្រុមការងារសហភាពសហពន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រុមការងារ បានអញ្ជេីញជួបសំណេះសំណាល និងសួរសុខទុក្ខ លោក ស៊ីវ សារួន អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ។


នាឱកាសនោះ ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ និងសេចក្ដីនឹករលឹកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតមន្រ្តីរាជការគ្រប់ពេលវេលា។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ចំពោះមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ក្រោមឱវាទទាំងអស់ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ ដល់លោក ស៊ីវ សារួន ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្តបំពេញភារកិច្ចបម្រើស្ថាប័ន និងជាតិមាតុភូមិអស់រយៈពេលច្រើនឆ្នាំកន្លងមកនេះ។ ស្នាដៃ និងបទពិសោធន៍ដ៏មានតម្លៃរបស់លោកនឹងនៅតែជាគំរូដ៏ល្អសម្រាប់មន្ត្រីជំនាន់ក្រោយ។
ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ក៏បាននាំយកថវិកាមួយចំនួនរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងផ្លែឈើ ទឹកផ្លែឈើ របស់លោក តាំង គួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ និងសហការី ជូនដល់លោកផងដែរ៕




