ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៣រសៀល នៅសារមន្ទីរទួលស្លែង មានរៀបចំកិច្ចប្រជុំបច្ចេកទេសពិនិត្យលទ្ធផលនៃការសិក្សាវាយតម្លៃអំពីការងារបណ្ណសារសារមន្ទីរទួលស្លែង និងការអប់រំសន្តិភាពសម្រាប់បូជនីយដ្ឋានចងចាំនៃកម្ពុជា។ កិច្ចប្រជុំនៃដឹកនាំដោយ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក Flavio Bonetti ប្រធានការិយាល័យអង្គការយូណេស្កូប្រចាំទីក្រុងភ្នំពេញ និងលោកស្រី Lee Sejin នាយករងទីភ្នាក់ងារ KOICA ប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីអ្នកជំនាញជាតិ-អន្តរជាតិ ព្រមទាំងក្រុមការងារបច្ចេកទេសសារមន្ទីរទួលស្លែងសរុបចំនួន ១៤រូប (ស្រី ៧រូប)។




ជាលទ្ធផលនៃកិច្ចប្រជុំ លោក Peter Arfanis បានវាយតម្លៃវិជ្ជមានលើដំណើរការងារ បណ្ណសារទួលស្លែង ដែលបានវិវត្តក្នុងមួយទសវត្សចុងក្រោយ ពីការថែទាំបណ្ណសារសេសសល់ពីមន្ទីរ ស-២១ តាមបែបប្រពៃណី មកជាបណ្ណសារឌីជីថល ដែលមានទិន្នន័យនិងរូបថតឌីជីថលជាច្រើនបម្រើដល់ការងារស្រាវជ្រាវ។ អ្នកជំនាញបានលើកទឹកចិត្តឲ្យពង្រឹងវិជ្ជាជីវៈ និងអនុវត្តសកម្មភាពគន្លឹះមួយចំនួន ដើម្បីបំពេញបន្ថែមដល់ការអភិរក្សបណ្ណសារប្រកបដោយចីរភាព។
រីឯលោក កែវ ដួង អ្នកជំនាញជាតិសម្រាប់វាយតម្លៃកម្មវិធីអប់រំសន្តិភាពសម្រាប់បូជនីយដ្ឋានចងចាំនៃកម្ពុជា ក៏បានវាយតម្លៃវិជ្ជមានសម្រាប់ការអប់រំ ផ្សព្វផ្សាយ និងការចូលរួមពីសិស្សនិងសហគមន៍នាគ្រាកន្លងមក។ បូជនីយដ្ឋានចងចាំនៃកម្ពុជា មានទីតាំងចំនួនបី (ម-១៣ ទួលស្លែង និងជើងឯក) ជាបេតិកភណ្ឌប្រវត្តិសាស្ត្រពិភពលោក ដែលត្រូវពង្រឹងការផ្សព្វផ្សាយក្នុងក្របខណ្ឌអប់រំគ្រប់កម្រិត ជាពិសេសការអប់រំស៊ីជម្រៅ ដែលអាច ឲ្យយុវជនឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រនៃអំពើហិង្សា ឆ្ពោះទៅការកសាងសង្គមមួយប្រកបដោយស្មារតីសន្តិភាព និងភាពជាពលរដ្ឋសាកល។
គួររំឭកថា បណ្ណសារសារមន្ទីរទួលស្លែងបានចុះក្នុងបញ្ជីស្មារតីចងចាំពិភពលោកនៃអង្គការយូណេស្កូកាលពីឆ្នាំ២០០៩។ រីឯសារមន្ទីរទួលស្លែង រួមទាំងអតីតមន្ទីរឃុំឃាំង១៣ និងមជ្ឈមណ្ឌលជើងឯក បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូកាលពីខែកក្កដា ឆ្នាំ២០២៥។
សព្វថ្ងៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននឹងកំពុងសហការជាមួយអង្គការយូណេស្កូ ដើម្បីអនុវត្តគម្រោងអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងដំណាក់កាលទី២ ដែលផ្ដោតលើការរៀបចំបណ្ណសារ អភិរក្សទីតាំងបេតិកភណ្ឌ និងការផ្សព្វផ្សាយពីប្រវត្តិសាស្ត្រខ្មែរក្រហម។




