នាថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញនាំយកថវិកាចំនួន១០,០០០,០០០រៀល ដែលជាថវិកាកៀរគរបានពីសប្បុរសជននានា នៅប្រទេសបារាំង និងអូស្ត្រាលី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការវប្បធម៌និងវិចិត្រសិល្បៈ និងយុវជនស.ស.យ.ក.វិស័យវប្បធម៌និងវិចិត្រសិល្បៈ ដេីម្បីប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។


នាឱកាសនោះ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យទាំងទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ចូលរួមជួយព្យាបាលឱ្យជាសះស្បើយ និងស្រោចស្រង់នូវអាយុជីវិតកុមារក្នុងមួយឆ្នាំៗ។
ជាមួយគ្នានោះដែរ ឯកឧត្ដម ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដល់ក្រុមគ្រូពេទ្យទាំងអស់។ ក្រសួងនឹងព្យាយាមអំពាវនាវស្វែងរកថវិកាសម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យនានា ដែលផ្តោតសំខាន់លើការព្យាបាលជំងឺកុមារ៕




