នាព្រឹកថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងក្រុមការងារនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ និងក្រុមការងារស.ស.យ.ក. វិស័យវប្បធម៌និងវិចិត្រសិល្បៈ អញ្ជេីញថ្វាយបង្គំ និងជួបសំណេះសំណាលជាមួយ ព្រះតេជគុណ ប៉ាន់ ឈុន ព្រះមេកុដិលេខ២២ ដែលជាព្រះគ្រូវង់ភ្លេងពិណពាទ្យ នៅវត្តបទុមវតីរាជវរារាម និងកូនសិស្ស ដែលកំពុងហាត់រៀនភ្លេងពិណពាទ្យ និងភ្លេងការបុរាណប្រមាណជា ៣០នាក់។


ឯកឧត្តមប្រធាន ក្នុងនាមលោកជំទាវបណ្ឌិតចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា៖ ភ្លេងពិណពាទ្យ គឺត្រូវបានគេជឿថាមានប្រភពដើម នៅកំឡុងសម័យហ្វូណន ខណៈពេលក្រុមនោះ ត្រូវបានគេហៅថា ពិណបាង និងប្រើប្រាស់ឧបករណ៍ហៅថា “ពិណ”ដែលបានផ្សព្វផ្សាយមកពីប្រទេសឥណ្ឌា។ រយៈពេលជាយូរឆ្នាំមកហើយដែលខ្មែរយើងច្រលំហៅថាជាភ្លេងសៀម។ មិនតែប៉ុណ្ណោះ ភ្លេងពិណពាទ្យចែកចេញជាពីរប្រភេទ៖ គឺតន្ត្រីពិណពាទ្យវង់តូច (អ្នកភ្លេងចំនួន ៥ នាក់) និងតន្ត្រីពិណពាទ្យវង់ធំ (អ្នកភ្លេងចំនួន ១១ នាក់)។ បច្ចុប្បន្នភ្លេងពិណពាទ្យបន្តរស់នៅតាមទីវត្តអារាម ដែលបង្ហាញថា តន្ត្រីបុរាណខ្មែរ មិនបានបាត់បង់ទេ ប៉ុន្តែត្រូវបានរក្សាទុក និងបន្តជីវិតតាមរយៈសាសនា និងប្រពៃណី។ វត្តអារាមជាគ្រឹះសម្រាប់ការរក្សាវប្បធម៌ដោយសារវត្តជាកន្លែងប្រព្រឹត្តពិធីបុណ្យផ្សេងៗជាប្រចាំព្រះសង្ឃនិងប្រជាពលរដ្ឋនៅតែគោរពប្រពៃណី ហើយវង់ភ្លេងពិណពាទ្យតែងតែត្រូវបានប្រើសម្រាប់ពិធីសាសនា ដែលមិនអាចប្តូរដោយតន្ត្រីសម័យថ្មីបានឡើយ។ ភ្លេងពិណពាទ្យក្នុងវត្តបង្កើតបរិយាកាសល្អ និងជាភ្លេងសម្រាប់សក្ការៈ ជួយបំពេញពិធីបុណ្យដូចជា បុណ្យសព បុណ្យកាន់បិណ្ឌ និងពិធីធម្មទាន ព្រមទាំងជាសញ្ញាណ នៃការគោរពបុព្វបុរស និងព្រះធម៌។
ក្នុងឱកាសនោះ ឯកឧត្ដមប្រធាន បាននាំយកនូវថវិកាចំនួន ១,០០០,០០០រៀល ដែលជាថវិការបស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងថវិកាចំនួន ១,០០០,០០០រៀល របស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឧបត្ថម្ភដល់ក្រុមវង់តន្រ្តីបុរាណខ្មែរ ទេពបទុមវង្ស ពិណពាទ្យ និងប្រគេនបច្ច័យចំនួន ៤០០,០០០រៀល ព្រមទាំងគ្រឿងទេយ្យទានជូនព្រះគ្រូវង់ភ្លេងផងដែរ៕




