ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ បានទទួលជួបឯកឧត្តម Shri P. Kumaran រដ្ឋលេខាធិការ (ទទួលបន្ទុកតំបន់ខាងកើត) នៃក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌នៅទីស្តីការក្រសួង។

នៅក្នុង​ជំនួបនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម នៅកម្ពុជា ហេីយបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌាដែលតែងតែគាំទ្រកម្ពុជាលើវិស័យវប្បធម៌នៅលើឆាកអន្តរជាតិ​ ជាពិសេសការបន្តគាំទ្រលេីកិច្ចការអភិរក្សប្រាសាទនៅតំបន់អង្គរ​ និងប្រាសាទព្រះវិហារ។ លោកជំទាវរដ្ឋមន្ត្រី​ ក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់​ ឯកឧត្តម​ លេីកិច្ចការអភិរក្សនៅលេីភ្នំគូលែន​ ការបណ្តុះបណ្តាលធនធានមនុស្ស​ និងការផ្លាស់ប្តូរសិល្បៈរវាងប្រទេសទាំងពីរ​ ហេីយប្តេជ្ញានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនាពេលអនាគត៕