សេចក្តីផ្តើម
តាមរយៈកិច្ចប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងការចូលរួមសហការ គាំទ្រពីដៃគូពាក់ព័ន្ធនានា ឆ្នាំនេះគឺ ជាឆ្នាំទី១៤ ដែលមហោស្រពភាពយន្តអន្តរជាតិកម្ពុជារៀបចំឡើង ហើយគឺជាព្រឹត្តិការណ៍ភាពយន្តដ៏ធំនៅកម្ពុជា និងតំបន់អាស៊ាន ដែលបាននាំមកនូវភាពយន្តដ៏សម្បូរបែប បង្កប់ដោយខ្លឹមសារអប់រំ និងទស្សនទានល្អៗ ព្រមទាំងជាស្ពានដ៏សំខាន់ក្នុងការនាំយកសមិទ្ធិករភាពយន្តនានាមកពីគ្រប់ទិសទី ចូលមកកាន់ឧស្សាហកម្មភាពយន្តកម្ពុជា។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិស្ថានភាពយន្តដ៏ សំបូរបែប និងរស់រវើកនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់ការ ក្នុងការជុំរុញព្រះរាជាណាចក្រកម្ពុជាជាដែនដីស្វាគមន៍ការថតភាពយន្តជាតិ និងអន្តរជាតិ ព្រមទាំងជួយលើកកម្ពស់កិតិ្តនាមកម្ពុជាឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងបរិបទសុខសន្តិភាព ស្ថេរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍនៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត ក្រោមគោលនយោបាយឈ្នះឈ្នះ។
កម្មវិធីលម្អិតអំពីមហោស្រព
កម្មវិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ បានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ និងឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋ រាជទូត លោក លោកស្រីតំណាងដៃគូសហការ អ្នកឧបត្តម្ភ ផលិតករ សមិទ្ធករភាពយន្ត ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិប្រមាណជាង ៦០០នាក់ នៅសាលមហោស្រពចតុម្មុខ ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោកស្រី ឧត្តម សុភី ទូតសុច្ឆន្ទៈមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ និងលោកស្រី វីកថូរៀ ប៊ូស៊ីស អ្នកបង្កើតភាពយន្តពិភពនិម្មិត VR Experience «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (STAY ALIVE MY SON)។




ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមីនា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ បាននាំមកនូវការចាក់បញ្ចាំងភាពយន្ត ចំនួន១៥១ ចំណងជើង ដែលបើកឱ្យទស្សនិកជនចូលទស្សនាដោយឥតគិតថ្លៃ នៅគ្រប់រោងភាពយន្តធំៗ និងទីតាំងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ ដែលរួមមានរោងភាពយន្ត Legend Olympia និង Legend Exchange Square រោងភាពយន្ត Major Cineplex Aeon 1 និង Major Cineplex Aeon3 វិទ្យាស្ថានបារាំង មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សណ្ឋាគារ Rosewood ភ្នំពេញ និងរោងភាពយន្ត Fable។
កម្មវិធីផ្សេងៗ ដែលបានរៀបចំឡើងក្នុងឱកាសមហោស្រព
១- សៀវភៅមានចំណងជើង«ជីវិតកូនថ្លៃ កូនត្រូវតែរស់» របស់លោក ពិន យ៉ាថៃ ត្រូវបានផលិតជាភាពយន្តតាមទម្រង់បច្ចេកវិទ្យា ពិភពនិម្មិត ឬ Virtual Reality ហើយត្រូវបានសម្ដែងដោយតារាល្បីសញ្ជាតិបារាំង- កម្ពុជា កញ្ញា ELODIE YUNG និងបង្កើតឡើងដោយសមិទ្ធិករភាពយន្តអាមេរិកាំង លោកស្រី Victoria Bousis ។


២- ការរំលឹកដល់ការចូលកាន់កាប់របស់ខ្មែរក្រហម។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំនេះបានដាក់បញ្ចូលនូវខ្សែភាពយន្តសំខាន់ៗជាច្រើន ដែលបង្ហាញពីពេលវេលាដ៏ខ្មៅងងឹតបំផុតនៃទីក្រុងភ្នំពេញ។ កម្មវិធី “១៩៧៥-២០២៥៖ ពីភពអន្ធការទៅរកពន្លឺក្នុងរឿងកម្ពុជា” គឺជាការរំលឹកខួបលើកទី៥០ នៃការឡើងកាន់អំណាចរបស់ខ្មែរក្រហមនៅកម្ពុជាដែលជាការចាប់ផ្តើមនៃជំពូកដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រនាឆ្នាំ ១៩៧៥ ក្រោមការដឹកនាំរបស់ប៉ុលពត។


៣- កម្មវិធីបញ្ចាំងភាពយន្ត«ស្ត្រីគ្មានព្រំដែន៖ រឿងរ៉ាវស្រ្តីជុំវិញពិភពលោក» ដើម្បី អបអរសាទរភាពធន់ កម្លាំង និងថាមពលផ្លាស់ប្តូររបស់ស្ត្រីមកពីវប្បធម៌ផ្សេងៗគ្នា និងឆ្លងទ្វីប។ ស្ត្រីបានក្លាយជាចំណុចស្នូលនៃគ្រប់សង្គមទាំងការបង្កើតប្រវត្តិសាស្ត្រ វប្បធម៌ និងវឌ្ឍនភាព។ ពីភាពជាអ្នកដឹកនាំក្នុងគ្រួសារ និងសហគមន៍ រហូតដល់ការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រ នយោបាយ និងសង្គម ស្ត្រីបានរួមចំណែកដល់មូលដ្ឋានគ្រឹះនៃអរិយធម៌។
៤- ចក្ខុវិស័យនៃកម្ពុជា(GLIMPSE OF CAMBODIA) បានបង្ហាញខ្សែភាពយន្តចំនួន ១០ ចំណងជើង ព្រមទាំងការចាក់បញ្ចាំងលើកដំបូងនៅកម្ពុជា ភាពយន្តរឿង “LOOT” ផលិតដោយ DON MILLAR ។ ភាពយន្ត “LOOT” គឺជាការស៊ើបអង្កេតលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តកាលពីអតីតកាល និងសកម្មភាពបច្ចុប្បន្នដើម្បីប្រគល់ត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ។ ការបញ្ចាំងភាពយន្ត និងការពិភាក្សាជាក្រុមលើប្រធានបទ បេតិកភណ្ឌវប្បធម៌កម្ពុជា និងការប្រគល់មកវិញនូវវត្ថុបុរាណដែលបានត្រូវលួច បានត្រូវធ្វើឡើង នៅក្នុងសាលាភូមិន្ទវិចិត្រសិល្បៈ។


៥- ភពផែនដីដ៏ស្រស់ស្អាត (BEAUTIFUL PLANET) ផ្តោតសំខាន់លើឆ្នាំនេះផ្តោតលើទឹកនៃជីវិតដែលប្រមូលផ្តុំនូវបណ្តុំនៃការគូសបញ្ជាក់ពីសារៈសំខាន់នៃទឹកជាប្រភពនៃជីវិតធនធានអាហារដ៏សំខាន់ និងជាការ តភ្ជាប់បរិស្ថានសម្រាប់សហគមន៍ជនជាតិដើមភាគតិច។ ភាពយន្តដ៏ស្រស់ស្អាតនេះរួមមានរឿងរ៉ាវពីខេត្តតាមដងទន្លេមេគង្គ រឿងរ៉ាវក្នុងតំបន់មេគង្គដោយអង្គការ OXFAM និងរឿងសម្លេងជនជាតិដើម។ ភាពយន្តជាង ៣០ពីសហគមន៍ និងការអប់រំភាពជាអ្នកដឹកនាំកម្ពុជា និងអន្តរជាតិដែលចងក្រងឯកសារពីបញ្ហាសហសម័យ និងបញ្ហាប្រឈមនានាជុំវិញពិភពលោក។ ប្រធានបទរួមមានសត្វព្រៃ និងជីវៈចម្រុះ បញ្ហាជនជាតិដើមភាគតិច និងសហគមន៍កម្ពុជា និងទស្សនៈពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
៦- កម្មវិធីជុំវិញទន្លេមេគង្គ (THE MEKONG DISCOVERY DAYS) ប្រព្រឹត្តទៅនៅ CJCC (បន្ទប់អង្គរ-គីហ្សូណា) នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមីនា ដោយមានការចូលរួមសម្ភោធបើកកម្មវិធីដោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងមានការចាក់បញ្ចាំងភាពយន្តខ្នាតវែង កិច្ចពិភាក្សា ពិព័រណ៍រូបថត បទបង្ហាញ និងវេទិកាជាមួយដៃគូនានាដូចជា UNDP WHO ស្ថានទូតអូស្ត្រាលី អង្គការអភិរក្សអន្តរជាតិមជ្ឈមណ្ឌល Pulitzer ។




៧- កម្មវិធីសិក្ខាសាលា ជាផ្នែកមួយនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ “សិល្បៈនៃការបំលែងអត្ថបទភាពយន្តឱ្យទៅជារូបភាព” ៖ ការសហការរវាងអ្នកដឹកនាំរឿង អ្នកកាត់ត និងអ្នកកែពណ៌រូបភាព ក្នុងការបង្កើតភាពយន្តដ៏ទាក់ទាញ ដើម្បីស្វែងយល់អំពីសិល្បៈនៃការបង្កើតភាពយន្តដែលមានទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍។


លទ្ធផលមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤
ក្នុងរយៈពេល០៩ថ្ងៃ គិតពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែ មីនា ការបញ្ចាំងខ្សែភាពយន្ត ១៥១ចំណងជើង និង កម្មវិធីផ្សេងៗបានប្រព្រឹត្តទៅដោយរលូន នៅតាមទីតាំងទាំង១០កន្លែង ដែលបានគ្រោងទុក ហើយបានទទួលលទ្ធផលគួរជាទីមោទន ។
- សារព័ត៌មានជាតិ និង អន្តរជាតិចំនួន១៨ បានចុះអត្ថបទពីសកម្មភាពពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ ហើយទទួលបានការចាប់អារម្មណ៍ចំនួន ១,១៥២,០០០ នាក់។
- សារព័ត៌មានជាតិ និង អន្តរជាតិចំនួន១៨ បានចុះអត្ថបទពីសកម្មភាពពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ ហើយទទួលបានការចាប់អារម្មណ៍ចំនួន ១,១៥២,០០០ នាក់។
- សារព័ត៌មានជាតិ និង អន្តរជាតិចំនួន១៨ បានចុះអត្ថបទពីសកម្មភាពពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ ហើយទទួលបានការចាប់អារម្មណ៍ចំនួន ១,១៥២,០០០ នាក់។
- មានអ្នកចូលរួមគាំទ្រនិងទស្សនាខ្សែភាពយន្តដោយផ្ទាល់សរុបចំនួនជាង ១៦,០០០ដង/នាក់ និង ទស្សនិកជន Online ចំនួន២៤៣,០០០ នាក់ ។
- ភ្ញៀវកិត្តិយសអន្តរជាតិ ជាអ្នកដឹកនាំរឿង ជាផលិតករ ជាសិល្បករ ជាអ្នកសារព័ត៌មាន ជាដៃគូសហកាណ៍ដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជាមានចំនួន៣៥ នាក់។
- តារាងកម្មវិធីបញ្ចាំងកុន ចំនួន ជិត២០,០០០ច្បាប់ ដែលបានបោះពុម្ភ ត្រូវបានចែកចាយដល់មហាជនក្នុងរាជធានីភ្នំពេញ ។
- គេហទំព័ររបស់មហោស្រព(www.cambodiaiff.com) និង Facebook ផ្លូវការរបស់មហោស្រពភាពយន្ត មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្ត និងនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មានអ្នកចុចចូលចំនួន ៤០៥,០០០នាក់ និងអ្នកចូលអាន ចំនួន ២៦៨,០០០ នាក់។
- មានការ Download យកកម្មវិធីមហោស្រពតាម Online មានចំនួន ២៨,០០០ដង ។
- សារព័ត៌មានជាតិ និង អន្តរជាតិចំនួន១៨ បានចុះអត្ថបទពីសកម្មភាពពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ ហើយទទួលបានការចាប់អារម្មណ៍ចំនួន ១,១៥២,០០០ នាក់។
សេចក្តីសន្និដ្ឋាន
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ ឆ្នាំ២០២៥ នេះ គឺជាការជួយជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជាឲ្យមានការវិវត្តរីកចម្រើន រួមចំណែកដល់ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយរបស់កម្ពុជា និងជាពិសេសបានបង្ហាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី អរូបី និងសម្បត្តិធម្មជាតិកម្ពុជា ទៅកាន់ពិភពលោក ព្រមទាំងជាការផ្ដល់ឱកាសដល់អ្នកអាជីពក្នុងវិស័យភាពយន្ត ក្នុងការចែករំលែកបទពិសោធន៍ផ្លាស់ប្តូរយោបល់គ្នា រកចំណុចខ្លាំង បង្កើនគុណភាពភាពយន្តកម្ពុជា ដើម្បីអាចប្រកួតប្រជែងជាមួយនឹងការរីកចម្រើន ឥតឈប់ឈរនៃទីផ្សារភាពយន្តក្នុងតំបន់។ ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងក្លាយជាទីតាំងសម្រាប់ថតខ្សែភាពយន្ត កាន់តែមានភាពទាក់ទាញ ស្របតាមចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ក្នុងការជំរុញកម្ពុជា ឱ្យក្លាយជាដែនដីនៃការថតភាពយន្តជាតិ និងបរទេស។




