សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
អំពី
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងចងចាំពីព្រឹត្តិការណ៍នៃការសួរចម្លើយនិងឃុំឃាំងក្នុងមន្ទីរស‑២១នាសម័យខ្មែរក្រហម។ សារមន្ទីរនេះ បានរក្សាទុកនិងបង្ហាញភស្ដុតាងនៃព្រឹត្តិការណ៍សោកនាដកម្មក្នុងប្រវត្ដិសាស្រ្ដកម្ពុជាដើម្បីឲ្យសាធារណជនសិក្សាស្វែងយល់ក្នុងបំណងជម្រុញនិងលើកទឹកចិត្តឲ្យពួកគេក្លាយទៅជាអ្នកផ្សព្វផ្សាយសារសន្តិភាព។



ប្រវត្តិសារមន្ទីរ
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាបូជនីយដ្ឋាននៃការចងចាំពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីត “មន្ទីរសន្ដិសុខ២១ ឬស-២១” ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(សម័យខ្មែរក្រហម)។ អតីតមន្ទីរឃុំឃាំងនេះ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញដែលស្ងាត់ជ្រងំ ក្រោយខ្មែរក្រហមជម្លៀសប្រជាជនទាំងអស់ចេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
មន្ទីរស‑២១ ជាមណ្ឌលកណ្តាលដ៏ធំមួយនៃប្រព័ន្ធគុកនៅទូទាំងប្រទេស ហើយគុកនេះក៏ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកំទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះ។ ខ្មែរក្រហមចាប់យកអ្នកទោសមកឃុំឃាំងទាំងក្រុមគ្រួសារ ដោយផ្អែកលើគោលនយោបាយដាក់កំហុសជាប្រព័ន្ធ។ អ្នកទោសមួយចំនួនតូចត្រូវខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរស-២១ នៅក្រោមការគ្រប់គ្រងរបស់ខ្លួនចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយក្នុងចំណោមនោះមានតែជនរងគ្រោះ១២នាក់តែប៉ុណ្ណោះដែលមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញ។ ក្នុងចំណោមជនរងគ្រោះ១២នាក់មានកុមារ៤នាក់។
មន្ទីរឃុំឃាំងស-២១ មានបុគ្គលិកបម្រើការផ្ទាល់និងប្រយោលប្រមាណ១.៧២០នាក់។ បុគ្គលិកភាគច្រើន ជាកម្មករបម្រើការងារទូទៅដោយរាប់បញ្ចូលទាំងអ្នកដាំស្ល រីឯបុគ្គលិកមួយចំនួនទៀត បម្រើការផ្ទាល់នៅផ្នែករដ្ឋបាល យាមកាម និងសួរចម្លើយអ្នកទោស។
ទស្សនវិស័យ
ទួលស្លែង ជាសារមន្ទីរប្រវត្តិសាស្រ្តដែលមានចក្ខុវិស័យក្នុងការរក្សាស្ថេរភាព សន្តិភាពក្នុងប្រទេសតាមរយៈ ការចូលរួមផ្សព្វផ្សាយនិងផ្សះផ្សារបួសផ្លូវចិត្តដែលបង្កឡើងដោយសង្រ្គាមនិងអំពើប្រល័យពូជសាសន៍អស់ ជាច្រើនទសវត្សកន្លងមក។
បេសកកម្ម
សារមន្ទីរទួលស្លែង មានគោលបំណងរក្សាទីតាំងប្រវត្តិសាស្រ្តនេះសម្រាប់ការសិក្សាអប់រំនិងការឆ្លុះបញ្ចាំង ពីប្រព័ន្ធនៃការឃុំឃាំងក្នុងរបបកម្ពុជាប្រជាធិបតេយ្យតាមរយៈការអភិរក្សនិងផ្សព្វផ្សាយវត្ថុតាង ដើម្បីជួយបំផុសស្មារតីនៃការចងចាំចំពោះជនរងគ្រោះជាង១៨០០០នាក់ ដែលបានបាត់បង់ជីវិតនៅទីនេះ។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ របស់ស្ថាប័នតាមរយៈតំណរភ្ជាប់ខាងក្រោម
ព័ត៌មានទំនាក់ទំនង
អាស័យដ្ឋាន
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ផ្លូវលេខ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង
រាជធានីភ្នំពេញ
