សាលាមធ្យមវិចិត្រសិល្បៈ
អំពី
សាលាមធ្យមវិចិត្រសិល្បៈ
ស្ថិតក្រោមឱវាទរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមានប្រវត្តិអតីតកាលដ៏វែងឆ្ងាយ សាលាមធ្យមវិចិត្រសិល្បៈ (ស.ម.វ.ស.) ជាគ្រឹះស្ថានសិក្សាសិល្បៈជាតិដ៏ធំតែមួយគត់នៅក្នុងប្រទេសដែលកសាងមូលធនមនុស្សលើវិស័យសិល្បៈវប្បធម៌ដែលជាអត្តសញ្ញាណជាតិ ពីកម្រិតបឋម (ថ្នាល១ឬថ្នាក់ទី៤) ដល់កម្រិតមធ្យមសិក្សាបច្ចេកទេស (ថ្នាក់ឆ្នាំទី៦ឬថ្នាក់ទី១២) ប្រកបដោយគុណភាព សមត្ថភាព និងជំនាញច្បាស់លាស់។ បេសកកម្មចម្បងរបស់សាលាមធ្យមវិចិត្រសិល្បៈគឺអភិរក្ស ថែរក្សា បណ្តុះបណ្តាល និងផ្ទេរចំណេះជំនាញនិងបទពិសោធន៍លើវិស័យសិល្បៈទស្សនីយភាព និងសិល្បៈសូនរូបទាំងទម្រង់បុរាណ និងសម័យប្រកបដោយគុណភាពសម្រាប់មនុស្សជំនាន់ក្រោយ។ គិតពីឆ្នាំសិក្សា១៩៨១ ដល់បច្ចុប្បន្ន សិស្សដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាលាមធ្យមវិចិត្រសិល្បៈមានចំនួនសរុបជិត៥ពាន់នាក់ ដែលភាគច្រើនបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាអ្នកថែរក្សានិងអភិរក្សមរតកវប្បធម៌ជាតិ មួយផ្នែកជាគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន មួយចំនួនទៀតជាសិល្បករក្រៅប្រព័ន្ធ និងអតីតសិស្សខ្លះកំពុងបន្តការសិក្សានៅតាមសាកលវិទ្យាល័យក្នុងប្រទេសនិងក្រៅប្រទេស។



ការបណ្តុះបណ្តាល
ចំពោះមុខ សាលាមធ្យមវិចិត្រសិល្បៈធ្វើការបណ្តុះបណ្តាលកម្រិតសញ្ញាបត្រសិល្បៈ(មធ្យមសិក្សាបឋមភូមិ) និងកម្រិតស្នាតកបត្រសិល្បៈ(មធ្យមសិក្សាទុតិយភូមិ) លើមុខជំនាញដូចជា៖
១. ផ្នែករបាំ
- របាំបុរាណ, របាំប្រពៃណី, ល្ខោនខោល
២. ផ្នែកល្ខោន
- ល្ខោនបាសាក់, ល្ខោនយីកេ, ល្ខោននិយាយ
៣. ផ្នែកសៀក
- លំនឹង, ទន់ភ្លន់, ត្រែះ, អាក្រូបាត
៤. ផ្នែកតូរ្យតន្រ្តី
- តន្រ្តីបុរាណ៖ ទ្រអ៊ូ, ទ្រសោ, តាខេ, ឃឹម, គងធំ, គងតូច, រនាតឯក, រនាតធុង, ស្រឡៃ, ប៉ីអ, ប៉ីពក, ខ្លុយ, ទ្រខ្មែរ, ខ្សែដៀវ, ចាប៉ីដងវែង
- តន្រ្តីសម័យ៖ ព្យាណូ, វីយូឡុង, វីយូឡា, រីណែត-ត្រុំប៉ែត-ត្រុំប៊ន-សាក់សូ-សែលឡូ-ហ្លុត-កុងត្រឺបាស-ហ្គីតា-គ័រ
- ចម្រៀង៖ ចម្រៀងបុរាណ, ចម្រៀងជាពួក, អាយ៉ៃ
៥. ផ្នែកសិល្បៈសូនរូប
- គំនូរ៖ គំនូរវិចិត្រកម្ម, គំនូរបុរាណ, គំនូរផ្សាយ, លម្អក្រណាត់
- ចម្លាក់៖ ចម្លាក់ពុម្ព, ចម្លាក់ប្រាក់, ចម្លាក់ស្មិត, ចម្លាក់ឈើ, កុលាលភាជន៍, ខ្មុកស្មាច់
បន្ថែមពីលើមុខជំនាញសិល្បៈ សាលាក៏បានបញ្ចូលកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួលបានទាំងចំណេះដឹងទូទៅ និងបច្ចេកទេសជំនាញ ប្រកបដោយក្រមសីលធម៌ ស្របទៅតាមការរីកចម្រើនរបស់សង្គមជាតិ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង។ ជារួមសិស្សដែលបានឆ្លងកាត់ប្រព័ន្ធអប់រំនិងបណ្តុះបណ្តាលនៅសាលាមធ្យមវិចិត្រសិល្បៈនឹងក្លាយទៅជាធនធានសិល្បករប្រកបដោយវិជ្ជាជីវៈ និងគរុកោសល្យពេញលេញដែលអាចផ្ទេរចំណេះជំនាញ ថែរក្សា អភិរក្ស និងលើកស្ទួយមរតកវប្បធម៌ជាតិឱ្យបានថ្កុំថ្កើនទៅអនាគត។
ចក្ខុវិស័យ
ជាចក្ខុវិស័យសម្លឹងទៅមុខ សាលាមធ្យមវិចិត្រសិល្បៈនឹងប្រែក្លាយខ្លួន «ជាគ្រឹះស្ថានសិក្សាឈានមុខស្តង់ដាគំរូ និងជាថ្នាលបណ្តុះវប្បធម៌ប្រកបដោយគុណភាពនិងប្រសិទ្ធភាព»។ សាលាមធ្យមវិចិត្រសិល្បៈប្តេជ្ញាបន្តបេសកកម្មរបស់ខ្លួនក្នុងការកសាងមូលធនមនុស្សក្នុងវិស័យវប្បធម៌ប្រកបដោយចំណេះដឹង ចំណេះធ្វើ សីលធម៌ និងមានបំណិនសតវត្សរ៍ទី២១ តាមរយៈការពង្រឹងអភិបាលកិច្ច ការអនុវត្តស្តង់ដារសាលារៀនគំរូ ការកែសម្រួលក្របខណ្ឌកម្មវិធីសិក្សា ការលើកកម្ពស់សមត្ថភាព/គុណវុឌ្ឍិគ្រូបង្រៀន និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត/ឌីជីថល។ ឈរលើស្មារតីនេះ សាលាមធ្យមវិចិត្រសិល្បៈចាត់ទុកការបញ្ជ្រាបចំណេះដឹងសិល្បៈវប្បធម៌ និងការលើកកម្ពស់ការយល់ដឹងអំពីអត្តសញ្ញាណជាតិដល់យុវជនជំនាន់ក្រោយ ជាយន្តការគន្លឹះនិងអាទិភាពសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាពនិងចីរភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិស្តីពីវប្បធម៌។
សាលាមធ្យមវិចិត្រសិល្បៈ មានរចនាសម្ព័ន្ធដូចខាងក្រោម
ការិយាល័យមានចំនួន ៤ រួមមាន៖
- ការិយាយល័យរដ្ឋបាល បុគ្គលិក
- ការិយាល័យសិក្សា
- ការិយាល័យផែនការ គណនេយ្យ និងហិរញ្ញវត្ថុ
- ការិយាល័យបណ្ណាល័យ
សាលាសិល្បៈមានចំនួន ៥ រួមមាន៖
- សាលារបាំ
- សាលាល្ខោន
- សាលាសៀក
- សាលាតូរ្យតន្រ្តី
- សាលាសិល្បៈសូនរូប
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេកបុកផ្លូវការរបស់ស្ថាប័នតាមរយៈតំណរភ្ជាប់ខាងក្រោម៖
ព័ត៌មានទំនាក់ទំនង
អាស័យដ្ឋាន
វិថីបណ្ឌិតម៉ុងឬទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
