នាព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០២៦ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្តនៃសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំវេទិកា យុវជនក្នុងកិច្ចការពារវប្បធម៌ ក្រោមប្រធានបទ រួមគ្នាលើកស្ទួយសិល្បៈវប្បធម៌ ក្រោមអធិបតីភាព ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ វេទិកានេះ រៀបចំនៅសណ្ឋាគារ SUN & MOON ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងសិល្បករ សិល្បការិនី ព្រមទាំងអ្នកផលិតមាតិកាកម្សាន្តតាមប្រព័ន្ធអនឡាញ សរុប ១២០រូប។


គោលបំណងនៃការរៀបចំវេទិកានេះ គឺដើម្បីបង្កើតទំនាក់ទំនងកិច្ចសហការឲ្យកាន់តែជិតស្និតទរវាងក្រសួង និងវិស័យឯកជន ពិសេសសិល្បករសិល្បការិនី អ្នកផលិតមាតិកាកម្សាន្តក្នុងការបណ្តុះស្មារតីស្រឡាញ់ ថែរក្សា និងចូលរួមផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយប្រកបដោយភាពសុក្រឹតត្រឹមត្រូវ រក្សាបាននូវក្បួនខ្នាតនៃទម្រង់សិល្បៈវប្បធម៌ សម្លៀកបំពាក់ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍យើង។




