ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


អាជ្ញាធរជាតិព្រះវិហារ

ប្រវត្តិដើម

អាជ្ញាធរជាតិព្រះវិហារបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៦/២៤៨ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៦ ស្តីពីការបង្កើតអាជ្ញាធរជាតិ ដើម្បីការពារ និងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌ធម្មជាតិ នៃប្រាសាទព្រះវិហារ ហៅកាត់ “អ.ជ.ព.វ” ដែលជាគ្រឹះស្ថានសាធារណៈមួយប្រកបដោយបុគ្គលភាព គតិយុត្តិ មានស្វ័យភាព រដ្ឋបាលនិងហិរញ្ញវត្ថុ ស្ថិតនៅ​ក្រោមអាណាព្យាបាលនៃទីស្ដីការគណៈរដ្ឋមន្ត្រី។

តាមរយៈព្រះរាជក្រឹត្យលេខនស/រកត/០៤១៦ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ បានផ្ទេររមណីយដ្ឋានប្រាសាទកោះកេរ ឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ​ជាតិព្រះវិហារ។ ក្នុងអំឡុងឆ្នាំ២០១៧ អាជ្ញាធរជាតិព្រះវិហារ ត្រូវបានផ្ទេរឱ្យស្ថិត​ក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣១៧/៣១៣ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០២២០/២០៤ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិព្រះវិហារជាគ្រឹះ​ស្ថាន​សាធារណៈរដ្ឋបាលដែលមានឈ្មោះថា អាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍ រមណីយដ្ឋានវប្បធម៌ធម្មជាតិតំបន់ព្រះវិហារ សរសេរកាត់ជាភាសាខ្មែរ “អ.ជ.ព.វ.” ហៅកាត់ថា “អាជ្ញាធរជាតិព្រះវិហារ” និងជាភាសាអង់គ្លេស “National Authority for Preah Vihear”​ ហៅកាត់ថា “NAPV” ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថិតក្រោម​អាណាព្យាបាលហិរញ្ញវត្ថុ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

  • ឆ្នាំ២០០៦-២០០៩៖ បានដឹកនាំដោយ ឯកឧត្តម ទី យ៉ាវ ជាប្រធានអាជ្ញាធរជាតិព្រះវិហារ និងជា ប្រធានក្រុមប្រឹក្សា​ភិបាល និងឯកឧត្តម ហង្ស សុត ជាអគ្គនាយក។
  • ឆ្នាំ២០០៩-២០១៥៖ បានដឹកនាំដោយ ឯកឧត្តម ជុច ភឿន ជាប្រធានអាជ្ញាធរជាតិព្រះវិហារ និងជាប្រធានក្រុមប្រឹក្សា​ភិបាល និងឯកឧត្តម អ៊ុក តុបបុត្រា ជាអគ្គនាយក។
  • ឆ្នាំ២០១៥-២០២០៖ បានដឹកនាំដោយ ឯកឧត្តម គឹម សេតារា ជាប្រធានអាជ្ញាធរជាតិព្រះវិហារ និងជាប្រធានក្រុមប្រឹក្សា​ភិបាល​ និងឯកឧត្តម គង់ ពុទ្ធិការ ជាអគ្គនាយក។
  • ឆ្នាំ២០២០-បច្ចុប្បន្ន៖ ដឹកនាំដោយ ឯកឧត្តម គង់ ពុទ្ធិការ ជាអគ្គនាយក និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាប្រធានក្រុមប្រឹក្សាភិបាល។

បេសកម្មរបស់អាជ្ញាធរជាតិព្រះវិហារ

តាមរយៈអនុក្រឹត្យលេខ ១១អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់​អាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិនៃប្រាសាទព្រះវិហារ មានរចនាសម្ព័ន្ធដូចតទៅ៖

  • នាយកដ្ឋានរដ្ឋបាល ហិរញ្ញកិច្ច ទំនាក់ទំនងសាធារណៈ ផែនការ និងនីតិកម្ម
  • នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា
  • នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍តំបន់ ប្រាសាទព្រះវិហារ
  • នាយកដ្ឋាននគរូបនីយកម្ម អភិវឌ្ឍន៍​តំបន់ប្រាសាទព្រះវិហារ និងប្រជាសាស្ត្រ
  • នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក
  • នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ។

តាមរយៈអនុក្រឹត្យលេខ២៧០ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅអាជ្ញាធរជាតិ​ព្រះវិហារ បំពេញមុខងារជាសានាធិការឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើបេសកកម្ម ដឹកនាំ គ្រប់គ្រង ចាត់ចែង អភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ និង រមណីយដ្ឋានប្រាសាទកោះកេរ ព្រមទាំងរមណីយដ្ឋានផ្សេងៗទៀតដែលបាន​ប្រគល់ជូន។ អង្គភាពប្រតិបត្តិអាជ្ញាធរជាតិព្រះវិហារ មានរចនាសម្ព័ន្ធដូចតទៅ៖

  • នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច
  • នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា
  • នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍
  • នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍
  • នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក
  • នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ
  • នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងតម្កល់ឯកសារ។

រមណីយដ្ឋានប្រាសាទព្រះវិហារ ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤០៦/ ១៨៣ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០០៦ បែងចែកចេញជា៣តំបន់ មានតំបន់១ ជាតំបន់ស្នូលមាន ផ្ទៃក្រឡាសរុប១៥៧,៧ហិកតា តំបន់២ជាតំបន់​ទ្រនាប់មានផ្ទៃក្រឡាសរុប២៦៤២,៥ហិកតា និងតំបន់៣ ជាតំបន់រណបមានផ្ទៃក្រឡាសរុប២៨២៨,៩ហិកតា។ នៅឆ្នាំ​២០១១ រមណីយដ្ឋានប្រាសាទព្រះវិហារ ត្រូវបានកែសម្រួលដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨១១/៧៥២ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១១ ដែលមានទំហំសរុប៤៨ ០១៨ហិកតា។

រមណីយដ្ឋានប្រាសាទកោះកេរ បានកំណត់ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០៤/០៧០ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០៤ និងកែសម្រួលដោយព្រះរាជក្រឹត្យលេខនស/រកត/១១២០/ ១២៨៨ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ​ឆ្នាំ២០២០ ដែលមាន​ទំហំសរុប ៨៧៨៩ហិកតា ៤៣អារ មានតំបន់១ ជាតំបន់ស្នូលមានផ្ទៃក្រឡា១១៨៧ហិកតា ៦១អារ តំបន់២ ជាតំបន់ទ្រនាប់​មានផ្ទៃក្រឡា​៣៥២៣​ហិកតា ៧៧អារ និងតំបន់៣ ជាតំបន់រណបមានផ្ទៃក្រឡា៤០៧៨ហិកតា ៥អារ។

ព័ត៌មានទំនាក់ទំនង

ផ្ទះលេខ៥០​ ផ្លូវ២១៤ វិថីសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ